សត្តរសកណ្ឌ
បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិសង្ឃាទិសេសទាំង១៧នេះឯង តែងមកកាន់ឧទ្ទេស។
សង្ឃាទិសេសទី១
[៣១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧបាសកម្នាក់ប្រគេនឃ្លាំង (រោងដាក់របស់) ដល់ភិក្ខុនីសង្ឃ ហើយធ្វើមរណកាលទៅ។ ឧបាសកនោះមានកូនពីរនាក់ ម្នាក់មិនមានសទ្ធាមិនជ្រះថ្លា ម្នាក់មានសទ្ធាជ្រះថ្លា។ កូនទាំងពីរនាក់នោះយកសម្បត្តិដែលជារបស់បិតាមកចែកគ្នា។ ឯបុរសដែលគ្មានសទ្ធា គ្មានជ្រះថ្លានោះបាននិយាយពាក្យនេះនឹងបុរសដែលមានសទ្ធាជ្រះថ្លានោះថា ឃ្លាំងរបស់យើងមាន យើងនឹងចែកនូវឃ្លាំងនោះ។ កាលបើបុរសដែលឥតសទ្ធាឥតជ្រះថ្លានោះនិយាយយ៉ាងនេះហើយ បុរសដែលមានសទ្ធាជ្រះថ្លានោះបាននិយាយពាក្យនេះនឹងបុរសដែលមិនមានសទ្ធាមិនជ្រះថ្លានោះថា អ្នកម្ចាស់កុំនិយាយយ៉ាងនេះឡើយ ឃ្លាំងនោះបិតាយើងប្រគេនដល់ភិក្ខុនីសង្ឃទៅហើយ។ បុរសដែលមិនមានសទ្ធាមិនជ្រះថ្លានិយាយពាក្យនេះ