[​៥៣​]​ ​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​អធិប្បាយ​ក្នុង​សិក្ខាបទ​ខាងដើម​រួចហើយ​។​ ​ភិក្ខុនី​ដែល​ឈ្មោះថា​ ​មានតម្រេក​ ​គឺ​ភិក្ខុនី​ដែល​ត្រេកអរ​ ​អាឡោះអាល័យ​ ​មានចិត្ត​ប្រតិព័ទ្ធ​។​ ​បុរស​ដែល​ឈ្មោះថា​ ​មានតម្រេក​ ​គឺ​ប្រុស​ដែល​ត្រេកត្រអាល​ ​សំឡឹង​គយគន់​ ​មានចិត្ត​ប្រតិព័ទ្ធ​។​ ​ដែល​ហៅថា​បុរស​បុគ្គល​ ​សំដៅយក​មនុស្ស​ប្រុស​ដែល​ដឹងក្តី​ ​អាច​ត្រេកអរ​បាន​ ​មិនមែន​យក្ស​ប្រុស​ ​ប្រេត​ប្រុស​ ​តិរច្ឆាន​ឈ្មោល​ទេ​។​ ​ដែល​ហៅថា​ ​ខាទនីយ​ ​គឺ​លើកលែងតែ​ភោជន៥យ៉ាង​ចេញ​ ​និង​ទឹក​ ​និង​ឈើស្ទន់​ ​ក្រៅពីនោះ​ឈ្មោះថា​ ​ខាទនីយ​ទាំងអស់​។​ ​ភោជន៥យ៉ាង​ ​គឺ​បាយ១​ ​នំ​ស្រស់១​ ​នំ​ក្រៀម១​ ​ត្រី១​ ​សាច់១​ ​ឈ្មោះថា​ ​ភោជនីយ​។​ ​ភិក្ខុនី​គិតថា​ ​អញ​នឹង​ទំពាស៊ី​ ​ឬ​នឹង​បរិភោគ​ ​ហើយ​ទទួលយក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​សង្ឃា​ទិ​សេ​សគ្រប់ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​
 ​[​៥៤​]​ ​ពាក្យ​ថា​ ​ភិក្ខុនី​នេះ​ក្តី​ ​គឺ​តថាគត​ពោល​ប្រៀបផ្ទឹម​នឹង​ភិក្ខុនី​ទាំង​ឡា​យមុនៗ​។​ ​ពាក្យ​ថា​ ​បឋមា​បត្តិ​ក​ ​គឺ​ភិក្ខុនី​ត្រូវអាបត្តិ​ព្រមគ្នា​នឹង​ប្រព្រឹត្ត​កន្លង​វត្ថុ​ ​មិនមែន​ដោយ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ទេ​។​ ​ពាក្យ​ថា​ ​គួរ​បណ្តេញ​ចេញ​ចាក​សង្ឃ​ ​គឺ​ភិក្ខុនី​នោះ​ ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​បណ្តេញ​ចេញ​អំពី​សង្ឃ​។​ ​ពាក្យ​ថា​ ​សង្ឃាទិសេស​ ​មាន​អធិប្បាយ​ក្នុង​សិក្ខាបទ​ខាងដើម​រួចហើយ​។​ ​ភិក្ខុនី​ទទួល​ទឹក​ ​និង​ឈើស្ទន់​ ​ត្រូវអាបត្តិ​ទុក្កដ​។
ថយ | ទំព័រទី ៦២ | បន្ទាប់