សង្ឃាទិសេស​ទី៦​


 ​[​៥៧​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​សុន្ទរី​នន្ទា​ភិក្ខុនី​មាន​រូបល្អ​ ​គួរ​ពិតពិល​រមិលមើល​ ​នាំមក​នូវ​សេចក្តី​ជ្រះថ្លា​។​ ​មនុស្ស​ទាំងឡាយ​បានឃើញ​សុន្ទរី​នន្ទា​ភិក្ខុនី​ក្នុង​រោង​ភត្ត​ក៏​មានតម្រេក​ ​ហើយ​ឲ្យ​ភោជន​ទាំងឡាយ​ដ៏​ឧត្តុង្គ​ឧត្តម​ដល់​សុន្ទរី​នន្ទា​ភិក្ខុនី​ដែល​មានតម្រេក​ដែរ​។​ ​សុន្ទរី​នន្ទា​ភិក្ខុនី​រង្កៀស​ ​ក៏​មិន​ទទួលយក​។​ ​ភិក្ខុនី​ដែល​អង្គុយ​លើ​អាសនៈ​បន្ទាប់​ ​បាន​ពោល​ពាក្យ​នេះ​នឹង​សុន្ទរី​នន្ទា​ភិក្ខុនី​ថា​ ​នែ​លោកម្ចាស់​ ​ហេតុអ្វី​ក៏​នាង​មិន​ទទួលយក​។​ ​សុន្ទរី​នន្ទា​ភិក្ខុនី​និយាយ​ថា​ ​នែ​លោកម្ចាស់​ ​បុរស​នេះ​មានតម្រេក​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​សួរ​ថា​ ​នែ​លោកម្ចាស់​ ​ចំណែកខាង​លោក​មានតម្រេក​ឬទេ​។​ ​សុន្ទរី​នន្ទា​ភិក្ខុនី​និយាយ​ថា​ ​នែ​លោកម្ចាស់​ ​ខ្ញុំ​មិន​មានតម្រេក​ទេ​។​ ​ភិក្ខុនី​នោះ​និយាយ​ថា​ ​នែ​លោកម្ចាស់​ ​បុគ្គល​ប្រុស​នេះ​ ​ទុកជា​មានតម្រេក​ក្តី​ ​មិន​មានតម្រេក​ក្តី​ ​នឹង​ធ្វើអ្វី​ដល់​នាង​បាន​ ​នែ​លោកម្ចាស់​ ​ណ្ហើយចុះ​ ​កាលណាបើ​លោក​មិន​មានតម្រេក​ហើយ​ ​បើ​បុគ្គល​ប្រុស​នេះ​ឲ្យ​វត្ថុ​ឯណា​ ​ជា​ខាទនីយ​ក្តី​ ​ជា​ភោជនីយ​ក្តី​ ​ដល់​លោក​ ​លោក​ចូរ​ទទួលយក​វត្ថុ​នោះ​ដោយដៃ​ខ្លួន​ ​ហើយ​ទំពាស៊ី​ ​ឬ​បរិភោគ​ចុះ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​
ថយ | ទំព័រទី ៦៤ | បន្ទាប់