សចិត្តវគ្គ ទី១
[៥១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ។ ភិក្ខុទាំងនោះ ទទួលតបព្រះពុទ្ធដីកានៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ បានត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនឆ្លាស ក្នុងវារៈនៃចិត្តអ្នកដទៃទេ ត្រូវគិតថា យើងទាំងឡាយ គួរជាអ្នកឆ្លាស ក្នុងវារៈនៃចិត្តរបស់ខ្លួន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកឆ្លាសក្នុងវារៈនៃចិត្តរបស់ខ្លួន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្រ្តី ឬបុរស កំឡោះជំទង់ ប្រកបដោយជាតិជាអ្នកស្អិតស្អាង កាលពិចារណាមើលនូវស្រមោលមុខរបស់ខ្លួន ក្នុងកញ្ចក់ដែលបរិសុទ្ធផូរផង់ ឬក្នុងភាជន៍ទឹកថ្លា បើឃើញធូលី ឬកន្ទួលក្នុងកញ្ចក់នោះ រមែងព្យាយាម ដើម្បីលះបង់នូវធូលី ឬកន្ទួលនោះចេញ