ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែវិបត្តិ គឺទោសនៃមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយអកុសលចេតនាក៏មាន។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវសេចក្តីអស់ទៅនៃកម្មទាំងឡាយ ប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយ ព្រោះមិនបានទទួលនូវផលទេ ឯផលនោះឯង រមែងកើតក្នុងបច្ចុប្បន្នក៏មាន ក្នុងអត្តភាព ជាលំដាប់ក៏មាន ក្នុងអត្តភាពដទៃទៅក៏មាន។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលនូវកិរិយាធ្វើនូវទីបំផុតនៃទុក្ខ ព្រោះមិនទទួលនូវផលនៃកម្មទាំងឡាយ ប្រកបដោយចេតនា ដែលសត្វធ្វើហើយ សន្សំហើយទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាកុសលកម្មទាំងនោះ សម្បត្តិ គឺកាយកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល សម្បត្តិ គឺវចីកម្ម មាន ៤ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល សម្បត្តិ គឺមនោកម្ម មាន ៣ យ៉ាង ដែលប្រកបដោយកុសលចេតនា រមែងមានសុខជាកម្រៃ មានសុខជាផល។