ម្នាលនន្ទិយៈ មួយទៀត ទ្រង់គប្បីរលឹកពួកទេវតាថា ទេវតាណា ដែលរំលងនូវពួកទេវតា ដែលមានកពឡីការាហារ ជាចំណី (កាមាវចរទេវតា) បានទៅកើតក្នុងពួកទេវតា ដែលសម្រេចដោយឈានចិត្ត (ព្រហ្ម) ណាមួយ ទេវតាទាំងនោះ មិនពិចារណាឃើញនូវកិច្ចរបស់ខ្លួន ឬនូវសេចក្តីចំរើន នៃអំពើដែលខ្លួនធ្វើហើយ ម្នាលនន្ទិយៈ ដូចជាភិក្ខុអសមយវិមុត្ត រមែងមិនពិចារណាឃើញនូវកិច្ចរបស់ខ្លួន ឬនូវសេចក្តីចំរើននៃអំពើដែលខ្លួនធ្វើហើយ យ៉ាងណាមិញ ម្នាលនន្ទិយៈ ទេវតាណា ដែលផ្លោះរំលង នូវពួកទេវតា ដែលមានកពឡីការាហារជាចំណី បានទៅកើតក្នុងពួកទេវតា ដែលសម្រេចដោយឈានចិត្តណាមួយ ទេវតាទាំងនោះ រមែងមិនពិចារណាឃើញនូវកិច្ចរបស់ខ្លួន ឬនូវសេចក្តីចំរើននៃអំពើដែលខ្លួនធ្វើហើយ ក៏យ៉ាងនោះដែរ។ ម្នាលនន្ទិយៈ ទ្រង់គប្បីដម្កល់សតិ ក្នុងព្រះហឫទ័យ ប្រារព្ធនូវពួកទេវតា ដោយប្រការដូច្នេះឯង។