[១៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវត្រើយខាងអាយផង នូវត្រើយខាងនាយផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវពាក្យនោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនិងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្វីជាត្រើយខាងអាយ អ្វីជាត្រើយខាងនាយ។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិ ជាត្រើយខាងអាយ សម្មាទិដ្ឋិ ជាត្រើយខាងនាយ។បេ។ មិច្ឆាវិមុត្តិ ជាត្រើយខាងអាយ សម្មាវិមុត្តិ ជាត្រើយខាងនាយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ត្រើយខាងអាយ នេះហៅថា ត្រើយខាងនាយ។
បណ្តាមនុស្សទាំងឡាយ ពួកជនណា បានដល់នូវត្រើយខាងនាយ (ព្រះនិព្វាន) ពួកជននោះ មានប្រមាណតិច ឯពួកសត្វក្រៅពីនេះ រមែងស្ទុះទៅកាន់ត្រើយ គឺសក្កាយទិដ្ឋិ (នេះច្រើនជាង)។