អរិយមគ្គវគ្គ ទី៥
[៤៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ជាមគ្គដ៏ប្រសើរផង នូវធម៌ជាមគ្គមិនប្រសើរផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មគ្គមិនប្រសើរ តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា មគ្គមិនប្រសើរ។ ម្នាលភិក្ខុទាំងឡាយ មគ្គដ៏ប្រសើរ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា មគ្គដ៏ប្រសើរ។
[៤៦] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ជាមគ្គខ្មៅផង នូវធម៌ជាមគ្គសផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។