[១៣០] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចេញទៅមិនយូរប៉ុន្មាន មារចិត្តបាប ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឋិតនៅក្នុងទីដ៏សមគួរ។ លុះមារចិត្តបាប ឋិតនៅក្នុងទីសមគួរហើយ ទើបពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់បរិនិព្វាន ក្នុងកាលឥឡូវនេះ សូមព្រះសុគតបរិនិព្វាន បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ កាលនេះ ជាកាលគួរបរិនិព្វាន របស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ បានត្រាស់វាចានេះហើយថា នែ មារចិត្តបាប ពួកភិក្ខុជាសាវ័ករបស់តថាគត ដែលឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នាការក្សេមចាកយោគៈ ជាពហុស្សុត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយសេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ដ៏សមគួរ រៀនយកវាទៈ នៃអាចារ្យរបស់ខ្លួន ហើយនឹងប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនសង្កត់សង្កិន ដោយល្អ សំដែងធម៌ប្រកបដោយបាដិហារ្យ (គ្រឿងអាង) នៅមិនមានដរាបណាទេ តថាគត នឹងមិនទាន់បរិនិព្វានដរាបនោះ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុជាសាវ័ករបស់ព្រះមានព្រះភាគ ឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នាសេចក្តីក្សេមចាកយោគៈ ជាពហុស្សុត ទ្រទ្រង់ធម៌