​កាល​ព្រះ​អានន្ទ​ ​ក្រាបបង្គំទូល​យ៉ាងនេះ​ហើយ​ ​ព្រះមានព្រះភាគ​ ​ក៏​គង់​ស្ងៀម​។​ ​កាល​រាត្រី​មជ្ឈិមយាម​កន្លង​ហើយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ធ្វើ​ចីវរ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ហើយ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​អស់​វារៈ​ពីរ​ដង​ទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វេលា​រាត្រី​មជ្ឈិមយាម​កន្លង​ហើយ​ ​ភិក្ខុសង្ឃ​អង្គុយ​ចាំ​យូរហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​សំដែង​បាតិមោក្ខ​ដល់​ពួក​ភិក្ខុ​ទាំងឡាយ​។​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​គង់​ស្ងៀម​ ​អស់​វារៈ​ពីរ​ដង​។​ ​លុះ​វេលា​រាត្រី​បច្ឆិមយាម​ ​កន្លង​ហើយ​ ​រាត្រី​ក៏​ប្រាកដ​ដូចជា​មានមុខ​ស្រស់​ ​ក្នុង​វេលា​ដែល​អរុណរះ​ឡើង​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ធ្វើ​ចីវរ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ហើយ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ជា​គំរប់​បីដង​ទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​រាត្រី​បច្ឆិមយាម​កន្លង​ហើយ​ ​អរុណរះ​ហើយ​ ​រាត្រី​ក៏​ប្រាកដ​ដូច​មានមុខ​ស្រស់​ហើយ​ ​ភិក្ខុសង្ឃ​អង្គុយ​រង់ចាំ​យូរហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​សំដែង​បាតិមោក្ខ​ដល់​ពួក​ភិក្ខុ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​បរិស័ទ​មិន​បរិសុទ្ធ​ទេ​។​ ​គ្រានោះ​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ត្រិះរិះ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដៅ​បុគ្គល​ណា​ហ្ន៎​ ​
ថយ | ទំព័រទី ២៣៥ | បន្ទាប់