​បុគ្គល​ ​គួរ​ប្រព្រឹត្ត​ធម៌​ឲ្យ​សុចរិត​ ​មិន​គួរ​ប្រព្រឹត្ត​ធម៌​នោះ​ឲ្យ​ទុច្ចរិត​ឡើយ​ ​បុគ្គល​ ​ប្រព្រឹត្ត​ធម៌​ជាប្រក្រតី​ ​រមែង​ដេក​ជា​សុខ​ ​ក្នុង​លោក​នេះ​ផង​ ​ក្នុង​លោកខាងមុខ​ផង​។​
 បុគ្គល​ឃើញ​ពពុះទឹក​យ៉ាងណា​ ​ឃើញ​ព្រេញ​ថ្ងៃ​យ៉ាងណា​ ​ស្តេច​ម្ឫត្យុ​ ​មិនឃើញ​អ្នក​ពិចារណា​ខន្ធ​លោក​ជាដើម​ ​យ៉ាងនោះ​ទេ​។​ ​
 ​អ្នក​ទាំងឡាយ​ ​ចូរ​មក​មើល​លោក​នេះ​ដ៏​ត្រកាល​ ​ដូច​រាជរថ​ ​ជនពាល​ទាំងឡាយ​ ​រមែង​លិចលង់​ក្នុង​លោក​ណា​ ​សេចក្តី​ជាប់ជំពាក់​ក្នុង​លោក​នោះ​ ​រមែង​មិន​មានដល់​ជន​ជា​បណ្ឌិត​ទាំងឡាយ​ដែល​ដឹង​ច្បាស់​ទេ​។​ ​
 បុគ្គល​ណាមួយ​ ​កាលពីមុន​ប្រមាទ​ហើយ​ ​លុះ​កាល​ជា​ខាងក្រោយ​ ​គេ​មិន​ប្រមាទ​វិញ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ញ៉ាំង​ខន្ធា​ទិ​លោក​នេះ​ឲ្យ​ភ្លឺច្បាស់​ ​ដូច​ព្រះចន្ទ្រ​រះផុត​ចាក​ពពក​។​
 បុគ្គល​ណា​ ​ធ្វើអំពើ​បាប​ហើយ​ ​បិទ​ខ្ទប់​អំពើបាប​នោះ​ដោយ​កុសល​ ​គឺ​អរហត្តមគ្គ​បាន​ ​បុគ្គល​នោះ​ឈ្មោះថា​ ​ញ៉ាំង​ខន្ធា​ទិ​លោក​នេះ​ ​ឲ្យ​ភ្លឺច្បាស់​ ​ដូច​ព្រះចន្ទ្រ​រះផុត​ចាក​ពពក​។​
 លោកិយមហាជន​នេះ​ ​ជា​មនុស្ស​ងងឹត​ ​បណ្តាជន​ទាំងនេះ​ ​ជន​តិច​គ្នា​ដែល​ឃើញច្បាស់​ ​(​នូវ​ខន្ធា​ទិ​លោក​នេះ​ ​ដោយអំណាច​អនិច្ច​លក្ខណៈ​ជាដើម​)​ ​ជន​តិច​គ្នា​ ​ដែល​ទៅកាន់​ឋានសួគ៌​ ​ដូច​សត្វស្លាប​ ​(​ដែល​ជាប់​សំណាញ់​របស់​ព្រាន​ហើយ​)​ ​តិចណាស់​ ​ដែល​រួច​អំពី​សំណាញ់​ ​ដូច្នោះ​។​ ​
ថយ | ទំព័រទី ៥៨ | បន្ទាប់