ខន្តិ​ ​គឺ​សេចក្តី​អត់ធន់​ ​ជា​តបធម៌​(​១​)​ ​ដ៏​ឧត្តម​ ​ព្រះពុទ្ធ​ទាំងឡាយ​តែង​ពោល​ថា​ ​ព្រះនិព្វាន​ ​ជា​ធម្មជាត​ដ៏​ឧត្តម​ ​បុគ្គល​ដែល​សម្លាប់សត្វ​ដទៃ​ ​មិន​ឈ្មោះថា​ ​បព្វជិត​ទេ​ ​បុគ្គល​ដែល​បៀតបៀន​សត្វ​ដទៃ​ ​ក៏​មិន​ឈ្មោះថា​ ​សមណៈ​ឡើយ​។​
 ​ការ​មិន​តិះដៀល​ ​១​ ​ការ​មិន​បៀតបៀន​ ​១​ ​ការ​សង្រួម​ក្នុង​បាតិមោក្ខ​ ​១​ ​ភាពជា​អ្នកដឹង​ប្រមាណ​ក្នុង​ភត្ត​ ​១​ ​ការ​ដេក​ ​និង​អង្គុយ​ក្នុង​ទីស្ងាត់​ ​១​ ​ការ​ព្យាយាម​ក្នុង​អធិចិត្ត​ ​១​ ​នុ៎ះ​ជា​ពាក្យ​ប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ​។​ ​
 ការ​ស្កប់ស្កល់​ ​ក្នុង​កាម​ទាំងឡាយ​ ​រមែង​មិន​មាន​ ​ព្រោះ​កហាបណៈ​ ​(​ដែល​ធ្លាក់ចុះ​)​ ​ដូច​ទឹកភ្លៀង​ទេ​ ​កាម​ទាំងឡាយ​ ​មាន​សុខ​តិច​ ​មានទុក្ខ​ច្រើន​ ​អ្នកប្រាជ្ញ​ដឹង​ច្បាស់​ ​យ៉ាងនេះ​ហើយ​ ​លោក​មិនបាន​ត្រេកអរ​ក្នុង​កាម​ទាំងឡាយ​ ​សូម្បី​ជា​ទិព្វ​ឡើយ​ ​សាវ័ក​របស់​ព្រះសម្មាសម្ពុទ្ធ​ ​រមែង​ជា​អ្នក​ត្រេកអរ​ក្នុង​ធម៌​ ​ជា​គ្រឿង​អស់​តណ្ហា​។​
 មនុស្ស​ទាំងឡាយ​ច្រើន​នាក់​ ​ត្រូវ​ភ័យ​គម្រាម​ហើយ​ ​តែង​យក​ភ្នំ​ ​អារាម​ ​និង​រុក្ខចេតិយ​ ​ជាទី​ពឹង​ ​ទីពឹង​បែបនេះ​ ​មិនមែន​ជាទី​ពឹង​ដ៏​ក្សេម​ទេ​ ​ទីពឹង​បែបនេះ​ ​មិនមែន​ជាទី​ពឹង​ដ៏​ឧត្តម​ទេ​ ​បុគ្គល​អាស្រ័យ​នូវ​ទីពឹង​នេះ​ហើយ​ ​រមែង​មិន​រួច​ស្រឡះ​ចាក​ទុក្ខ​ទាំងពួង​ឡើយ​។​
​(​១​)​ ​ធម្មជាត​ដុត​កិលេស​ឲ្យ​ក្តៅ​។​
ថយ | ទំព័រទី ៦១ | បន្ទាប់