ម្នាលភិក្ខុទាំងឡាយ គថាគតដឹងផលនៃការឲ្យ និងការចែករលែកយ៉ាងណា សត្វទាំងឡាយ មិនដឹងយ៉ាងនោះទេ ព្រោះហេតុណា ហេតុនោះ សត្វទាំងឡាយ មិនបានឲ្យទានហើយ ទើបហ៊ានបរិភោគ មួយទៀត មន្ទិល គឺសេចក្ដីកំណាញ់ ក៏តែងគ្របសង្កត់ចិត្តសត្វទាំងឡាយនោះ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បើសត្វទាំងឡាយ គប្បីដឹងផល នៃការចែករលែក ថាមានផលច្រើន ដូចព្រះពុទ្ធទ្រង់ស្វែងរកគុណដ៏ធំ ត្រាស់ទុកហើយយ៉ាងនេះ សត្វទាំងឡាយ មានចិត្តជ្រះថ្លា គប្បីបន្ទោបង់មន្ទិល គឺសេចក្ដីកំណាញ់ចេញ ទានដែលគេឲ្យហើយ ដល់ព្រះអរិយៈទាំងឡាយណា រមែងមានផលច្រើន បុគ្គលទាំងឡាយ គួរឲ្យទានដល់ព្រះអរិយៈទាំងនោះ ក្នុងកាលដ៏គួរ មួយទៀត ជនច្រើននាក់ ឲ្យបាយជាទក្ខិណាទាន ដល់ទក្ខិណេយ្យបុគ្គលទាំងឡាយ ទាយកទាំងឡាយ លុះច្យុតអំពីអត្តភាពជាមនុស្សនេះហើយ រមែងទៅកាន់ឋានសួគ៌ ទាយកទាំងនោះ លុះទៅកាន់ឋានសួគ៌ ជាអ្នកមានចំណង់ក្នុងកាម រមែងរីករាយ ក្នុងស្ថានសួគ៌នោះ សត្វទាំងឡាយ មិនកំណាញ់ រមែងសោយផល នៃការចែករលែក។