[​៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ប្រកបដោយ​កាម​យោ​គៈ​ ​(​កិលេស​ជា​គ្រឿង​ប្រកប​ ​គឺ​តម្រេក​ក្នុង​បញ្ចកាមគុណ​)​ ​ប្រកបដោយ​ភវ​យោ​គៈ​ ​(​កិលេស​ជា​គ្រឿង​ប្រកប​ ​គឺ​តម្រេក​ក្នុង​រូបភព​ ​និង​អរូបភព​)​ ​ឈ្មោះថា​ ​អា​គាមិ​បុគ្គល​ ​ព្រោះ​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ប្រាសចាក​កាម​យោ​គៈ​ ​តែ​ប្រកបដោយ​ភវ​យោ​គៈ​ ​ឈ្មោះថា​ ​អនាគាមិ​បុគ្គល​ ​ព្រោះ​មិន​មកកាន់​អត្តភាព​ជា​មនុស្ស​ទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ប្រាសចាក​កាម​យោ​គៈ​ ​ប្រាសចាក​ភវ​យោ​គៈ​ ​ឈ្មោះថា​ ​អរហន្ត​ ​អស់​អាសវៈ​ហើយ​។​
​ពួក​សត្វ​ ​ដែល​ប្រកបដោយ​កាម​យោ​គៈ​ ​និង​ភវ​យោ​គៈ​ទាំងពីរ​ ​ជា​សត្វ​ប្រព្រឹត្តទៅ​ដើម្បី​ជាតិ​ ​និង​មរណៈ​ ​រមែង​អន្ទោល​ទៅកាន់​សង្សារ​។​ ​ចំណែក​ពួក​សត្វ​ណា​ ​បាន​លះបង់​នូវ​កាម​ទាំងឡាយ​ ​តែ​មិនទាន់​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ ​នៅ​ប្រកបដោយ​ភវ​យោ​គៈ​នៅឡើយ​ ​ពួក​សត្វ​នោះ​ ​ហៅថា​ ​អនាគាមិ​បុគ្គល​។​ ​លុះតែ​ពួក​សត្វ​ណា​ ​បាន​កាត់​នូវ​សេចក្ដីសង្ស័យ​ ​អស់សេចក្ដី​ប្រកាន់​ក្នុង​ភព​ថ្មី​ហើយ​ ​ឬ​ពួក​សត្វ​ណា​ ​ដែល​បាន​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ក្នុង​លោក​ ​ពួក​សត្វ​នោះ​ឯង​ ​ឈ្មោះថា​ ​បាន​ដល់​នូវ​ត្រើយ​ ​គឺ​ព្រះនិព្វាន​។​ ​សូត្រ​ ​ទី៧​។​
ថយ | ទំព័រទី ១២៥ | បន្ទាប់