​ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៤​។​
 [​១៥​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ដែល​ប្រកបដោយ​សំយោជនៈ​ណា​ហើយ​ ​តែង​អន្ទោល​ទៅ​ ​ត្រាច់​ទៅ​ ​អស់​រាត្រី​ដ៏​វែង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនឃើញ​សំយោជនៈ​ដទៃ​នោះ​ ​សូម្បីតែ​សំយោជនៈ​មួយ​ ​ដូចជា​តណ្ហា​សំយោជនៈ​នេះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុតែ​សត្វ​ទាំងឡាយ​ ​ដែល​ប្រកបដោយ​តណ្ហា​សំយោជនៈ​ហើយ​ ​ទើបបាន​អន្ទោល​ទៅ​ ​ត្រាច់​ទៅ​ ​អស់​រាត្រី​វែង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​
​បុរស​មាន​តណ្ហា​ជា​គំរប់​ពីរ​ ​កាល​អន្ទោល​ទៅកាន់​សង្សារ​អស់​កាល​ដ៏​វែង​ ​រមែង​មិន​កន្លង​នូវ​សង្សារវដ្ដ​ ​ដែល​មាន​សភាព​យ៉ាងនេះ​ ​និង​យ៉ាង​ដទៃ​បាន​ឡើយ​ ​ភិក្ខុ​ដឹង​នូវ​តណ្ហា​នេះ​ ​ថា​ជា​ទោស​ ​ជា​ដែន​កើត​នៃ​ទុក្ខ​ហើយ​ ​ជា​អ្នក​ប្រាសចាក​តណ្ហា​ ​មិន​មាន​សេចក្ដី​ប្រកាន់​ ​ជា​អ្នកមាន​សតិ​ ​គប្បី​វៀរបង់​ចោលចេញ​។​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៥​។​
ថយ | ទំព័រទី ១៣ | បន្ទាប់