ព្រះតថាគតអង្គណា មិនមានព្រះទ័យកំណាញ់ មានការអនុគ្រោះដល់សព្វសត្វ បានប្រោសប្រទានធម៌ សត្វទាំងឡាយ តែងនមស្ការព្រះតថាគតនោះ ប្រាកដដូច្នោះ ព្រះអង្គប្រសើរជាងទេវតា និងមនុស្ស ទ្រង់ដល់នូវត្រើយនៃភព។
ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។ សូត្រ ទី១។
[១០៣] ម្នាលភិក្ខុទាំងឡាយ វត្ថុដែលតិចតួចផង ងាយបានផង វត្ថុទាំងនោះ មិនមានទោសផងនេះ មាន ៤។ វត្ថុទាំង ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បណ្តាចីវរទាំងឡាយ បំសុកូលចីវរ ជារបស់តិចតួចផង ងាយបានផង ចីវរនោះ ជារបស់មិនមានទោសផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាភោជនទាំងឡាយ បិណ្ឌិយាលោបភោជន(១) ជារបស់តិចតួចផង ងាយបានផង ភោជននោះ ជារបស់មិនមានទោសផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេនាសនៈទាំងឡាយ រុក្ខមូលសេនាសនៈ ជារបស់តិចតួចផង ងាយបានផង សេនាសនៈនោះ ជារបស់មិនមានទោសផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាភេសជ្ជៈទាំងឡាយ ទឹកមូត្រស្អុយ ជារបស់តិចតួចផង ងាយបានផង ទឹកមូត្រនោះ ជារបស់មិនមានទោសផង។ ម្នាលភិក្ខុទាំងឡាយ វត្ថុ ៤ នេះឯង ជារបស់តិចតួចផង
(១) ភោជនដែលបានដោយកំលាំងនៃស្មង។