បាននូវវិមុត្តិ ក្នុងអារម្មណ៍នោះៗ បុគ្គលនោះ តថាគតហៅថា អ្នកដល់នូវវេទ គឺមគ្គញ្ញាណ ហៅថា អ្នកមានព្រហ្មចរិយធម៌ប្រព្រឹត្តរួចហើយ ហៅថា អ្នកដល់នូវទីបំផុតនៃលោក ហៅថា អ្នកដល់នូវត្រើយ គឺព្រះនិពា្វន។ សូត្រ ទី១០។
[១១២] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុកំពុងដើរទៅ បើមានកាមវិតក្កៈក្ដី ព្យាបាទវិតក្កៈក្ដី វិហឹសាវិតក្កៈក្ដី កើតឡើង បើភិក្ខុទទួលនូវវិតក្កៈនោះ មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនធ្វើឲ្យដល់នូវការសាបសូន្យទេ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុកំពុងដើរក៏ដោយ តែមានសភាពយ៉ាងនេះហើយ ហៅថា ជាអ្នកមិនមានព្យាយាមដុតកំដៅកិលេស មិនជាអ្នកក្ដៅនឹងបាប ជាអ្នកខ្ជិលច្រអូសជានិច្ចកាល មិនមានព្យាយាម។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុកំពុងឈរ បើមានកាមវិតក្កៈក្ដី ព្យាបាទវិតក្កៈក្ដី វិហឹសាវិតក្កៈក្ដី កើតឡើង បើភិក្ខុទទួលនូវវិតក្កៈនោះ មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនធ្វើឲ្យដល់នូវការសាបសូន្យទេ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុកំពុងឈរក៏ដោយ តែមានសភាពយ៉ាងនេះហើយ ហៅថា ជាអ្នកមិនមានព្យាយាមដុតកំដៅកិលេស មិនជាអ្នកក្ដៅនឹងបាប ជាអ្នកខ្ជិលច្រអូសជានិច្ចកាល មិនមានព្យាយាម។