[​១៨​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​១​ ​កាល​កើតឡើង​ក្នុង​លោក​ ​តែង​កើតឡើង​ ​ដើម្បី​មិនជា​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​មិន​ចំរើន​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​ទុក្ខ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ធម៌​ ​១​ ​តើ​ដូចម្ដេច​។​ ​គឺ​សង្ឃភេទ​ ​(​ការ​បំបែក​សង្ឃ​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​បែកគ្នា​ហើយ​ ​ការ​ឈ្លោះប្រកែក​គ្នានឹងគ្នា​ ​ក៏​កើតមាន​ ​ការ​ប្រទេចផ្ដាសា​គ្នានឹងគ្នា​ ​ក៏​កើតមាន​ ​ការ​បោកបោះ​ពាក្យសំដី​ដល់គ្នា​នឹងគ្នា​ ​ក៏​កើតមាន​ ​ការ​លះបង់​គ្នានឹងគ្នា​ ​ក៏​កើតមាន​ ​ជន​ទាំងឡាយ​ ​ដែល​មិនទាន់​ជ្រះថ្លា​ក្នុង​សង្ឃ​នោះ​ ​ក៏​មិន​ជ្រះថ្លា​ ​ជន​ពួក​ខ្លះ​ ​ដែល​ជ្រះថ្លា​ស្រាប់ហើយ​ ​ក៏​ងាក​ទៅជា​យ៉ាង​ដទៃ​វិញ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​
 បុគ្គល​ជា​អ្នក​បំបែក​សង្ឃ​ ​ត្រេកអរ​ក្នុង​ពួក​ ​មិន​ឋិត​ក្នុង​ធម៌​ ​តែង​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​តាំងនៅ​អស់​មួយ​កប្ប​ ​រមែង​សាបសូន្យ​ចាក​ធម៌​ជាទី​ក្សេម​ចាក​យោ​គៈ​ ​បុគ្គល​បំបែក​សង្ឃ​ដែល​ព្រមព្រៀង​គ្នា​ហើយ​ ​តែង​ឆេះ​ក្នុង​នរក​អស់​មួយ​កប្ប​។​ ​
 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៨​។​
ថយ | ទំព័រទី ១៦ | បន្ទាប់