[​៣៧​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​២​ ​រមែង​ច្រើន​ដោយ​សេចក្ដីសុខ​ ​និង​សោមនស្ស​ ​ជា​អ្នក​ប្រារព្ធ​ ​ដើម្បី​អស់​អាសវៈ​ទាំងឡាយ​ ​ដោយ​ឧបាយ​នៃ​បញ្ញា​ក្នុង​បច្ចុប្បន្ន​។​ ​ប្រកបដោយ​ធម៌​ ​២​ ​តើ​ដូចម្ដេច​។​ ​គឺ​ប្រកបដោយ​សេចក្ដី​សំវេគ​ ​ក្នុង​ទី​ទាំងឡាយ​ ​ដែល​ជាទី​តាំង​នៃ​សេចក្ដី​សំវេគ​ ​១​ ​ប្រកបដោយ​សេចក្ដីព្យាយាម​ ​ដោយ​ឧបាយ​នៃ​សេចក្ដី​សំវេគ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​២​ ​នេះឯង​ ​រមែង​ច្រើន​ដោយ​សេចក្ដីសុខ​ ​និង​សោមនស្ស​ ​ជា​អ្នក​ប្រារព្ធ​ ​ដើម្បី​អស់​អាសវៈ​ទាំងឡាយ​ ​ដោយ​ឧបាយ​នៃ​បញ្ញា​ក្នុង​បច្ចុប្បន្ន​។​ ​លុះ​ព្រះមានព្រះភាគ​ ​សំដែង​សេចក្ដី​នេះ​ហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​
 ភិក្ខុ​ជា​បណ្ឌិត​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​បញ្ញា​ជា​គ្រឿង​រក្សាខ្លួន​ ​គប្បី​សំវេគ​ក្នុង​ទី​ជាទី​តាំង​នៃ​សេចក្ដី​សំវេគ​ទាំងឡាយ​ ​គប្បី​ពិចារណា​ដោយ​បញ្ញា​ ​ភិក្ខុ​មានធម៌​ជា​គ្រឿង​នៅ​យ៉ាងនេះ​ ​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ប្រព្រឹត្ត​ស្ងប់​ ​មិន​រាយមាយ​ ​ប្រក​បរឿយៗ​ ​នូវ​ចេ​តោ​សមថៈ​ហើយ​ ​គប្បី​ដល់​នូវ​កិរិយា​អស់​ទៅ​នៃ​ទុក្ខ​បាន​។​ ​
 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី១០​។​

​ចប់​ ​បឋម​វគ្គ​។​

ថយ | ទំព័រទី ៤០ | បន្ទាប់