តថាគតហៅនូវបុគ្គល ដែលមានការសិក្សាបរិបូណ៌ មានធម៌មិនបានលះបង់ មានបញ្ញាដ៏ឧត្តម បានឃើញព្រះនិព្វាន ជាទីអស់ទៅនៃជាតិនោះឯង ថាជាមុនី ទ្រទ្រង់នូវរាងកាយ ជាទីបំផុត កំចាត់បង់មារ (មានកិលេសមារជាដើម) បានដល់ត្រើយនៃជរា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរត្រេកអរក្នុងឈាន មានចិត្តដំកល់មាំ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ឃើញព្រះនិព្វានជាទីអស់ទៅនៃជាតិ គ្របសង្កត់នូវមារ ព្រមទាំងសេនាសព្វកាល ដល់ត្រើយនៃជាតិ និងមរណៈ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៩។
[៤៧] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីជាអ្នកភ្ញាក់រឭក មានសតិ មានសម្បជញ្ញៈ មានចិត្តដំកល់មាំ មានចិត្តទន់ មានសេចក្ដីជ្រះថ្លា មានការឃើញក្នុងកាលគួរ ក្នុងកុសលធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុជាអ្នកភ្ញាក់រឭក មានសតិ មានសម្បជញ្ញៈ មានចិត្តដំកល់មាំ មានចិត្តទន់ មានសេចក្ដីជ្រះថ្លា មានការឃើញក្នុងកាលគួរ ក្នុងកុសលធម៌ទាំងនោះហើយ បណ្ដាផលទាំងឡាយពីរ ផលណាមួយ គង់បានប្រាកដគឺ បានសម្រេច