​តណ្ហា​របស់​ពួក​ជន​ណា​ ​ដើម្បី​កើតមាន​ទៅទៀត​ក្នុង​លោក​នេះ​ ​ឬ​លោកខាងមុខ​ណាមួយ​ ​មិន​មាន​ទេ​ ​ព្រាហ្មណ៍​គួរ​បរិច្ចាគ​ទក្ខិណាទាន​ ​ចំពោះ​ពួក​ជន​នោះ​ ​តាមកាល​គួរ​។​
 ពួក​ជន​ណា​ ​បាន​លះបង់​កាម​ទាំងឡាយ​ ​ជា​អ្នក​មិន​មាន​សេចក្តី​ប្រកាន់​ ​សង្រួមចិត្ត​ត្រង់​ល្អ​ដូច​ខ្នារ​ ​ព្រាហ្មណ៍​គួរ​បរិច្ចាគ​ទក្ខិណាទាន​ ​ចំពោះ​ពួក​ជន​នោះ​ ​តាមកាល​គួរ​។​ ​
 ពួក​ជន​ណា​ ​ប្រាសចាក​រាគៈ​ ​មាន​ឥន្រ្ទិយ​តម្កល់​មាំ​ល្អ​ ​ដូច​ព្រះ​ចន្រ្ទ​ដែល​ផុត​ស្រឡះ​ចាក​រាហុ​គ្រាះ​ ​ព្រាហ្មណ៍​គួរ​បរិច្ចាគ​ទក្ខិណាទាន​ ​ចំពោះ​ពួក​ជន​នោះ​ ​តាមកាល​គួរ​។​
 ពួក​ជន​ណា​ ​ជា​អ្នក​ស្ងប់​ចាក​កិលេស​ ​ប្រាសចាក​រាគៈ​ ​មិន​មាន​សេចក្តី​ក្រោធ​ ​គតិ​របស់​ជន​ណា​ ​មិន​មាន​ ​ព្រោះ​លះបង់​ ​(​នូវ​ខន្ធ​)​ ​ក្នុង​លោក​នេះ​ ​ព្រាហ្មណ៍​គួរ​បរិច្ចាគ​ទក្ខិណាទាន​ ​ចំពោះ​ជន​នោះ​ ​តាមកាល​គួរ​។​
 ពួក​ជន​ណា​ ​លះបង់​ជាតិ​ ​និង​មរណៈ​មិន​មាន​សេសសល់​ ​ឆ្លងផុត​សេចក្តី​ងឿងឆ្ងល់​គ្រប់យ៉ាង​ ​ព្រាហ្មណ៍​គួរ​បរិច្ចាគ​ទក្ខិណាទាន​ចំពោះ​ពួក​ជន​នោះ​ ​តាមកាល​គួរ​។​
ថយ | ទំព័រទី ១៦១ | បន្ទាប់