តពីនោះ សត្វនរកស្ទុះចូលទៅកាន់ស្ទឹងទឹកផ្សា (ទឹកក្រុត) ដែលសត្វហែលទៅបានដោយកម្រ ឬស្ទុះចូលទៅកាន់មុខកាំបិតកោរ មានមុខដ៏មុត សត្វល្ងង់ខ្លៅ ជាអ្នកធ្វើអំពើលាមក លុះធ្វើអំពើលាមកទាំងឡាយហើយ រមែងធ្លាក់ទៅក្នុងនរកនោះ។ ហ្វូងក្អែកខ្មៅ ហ្វូងឆ្កែសម្បុរលឿង សម្បុរពព្រុះ ហ្វូងចចក ហ្វូងត្មាត ហ្វូងតាដក់ ហ្វូងក្អែកស តែងចឹកជញ្ជែងស៊ីរូង (នូវសត្វនរក) ដែលកំពុងស្រែកយំ ក្នុងនរកនោះ។ ជនអ្នកធ្វើនូវកម្មអាក្រក់ ឃើញនូវសេចក្តីប្រព្រឹត្តណា សេចក្តីប្រព្រឹត្តក្នុងនរកនេះ ជាការលំបាកមែន ព្រោះហេតុនោះ កាលបើមានជីវិតរស់នៅក្នុងលោកនេះ នរជន គប្បីធ្វើកិច្ចកុំប្រមាទឡើយ។