មួយទៀត សមណព្រាហ្មណ៍ទាំងឡាយ កំណត់ទុកនូវសេចក្តីត្រិះរិះ ឲ្យប្រជុំចុះក្នុងទិដ្ឋិទាំងឡាយ ហើយនិយាយនូវហេតុមួយគូជាធម្មតា គឺសេចក្តីពិត ១ មុសា ១។ បុគ្គលពួកមួយ អាស្រ័យនូវទិដ្ឋិធម៌ទាំងនេះ គឺអារម្មណ៍ដែលខ្លួនឃើញហើយ ឬឮហើយ ដែលខ្លួនពាល់ត្រូវហើយ ឬសីលវ័ត ជាអ្នកឃើញនូវសេចក្តីប្រកាន់ធំ គឺសន្តិភាព លុះឋិតនៅក្នុងវិនិច្ឆ័យធម៌ គឺទិដ្ឋិ ៦២ ហើយរីករាយក៏ពោលតិះដៀលថា បុគ្គលដទៃជាបុគ្គលពោលមិនឆ្លៀវឆ្លាស។ មួយទៀត បុគ្គលនោះ តែងដុតកំដៅបុគ្គលដទៃថា ជាបុគ្គលពាល ៗ ដូច្នេះ ដោយហេតុណា ក៏បានពោលលើកខ្លួនឯង ថាជាអ្នកឆ្លៀវឆ្លាស ដោយហេតុនោះ បុគ្គលនោះ ពោលលើកខ្លួនឯងថា ជាអ្នកឆ្លៀវឆ្លាស ចំពោះខ្លួនដោយខ្លួនឯង រមែងតិះដៀលបុគ្គលដទៃ ហើយពោលប្រកាន់ទិដ្ឋិនោះ។ បុគ្គលនោះ បរិបូណ៌ហើយដោយទិដ្ឋិ គឺការយល់ឃើញថា មានខ្លឹមសារក្រៃពេក និងដោយមានះ មានមានះដ៏បរិបូណ៌ ប្រស់ព្រំសន្តានខ្លួនដោយមានះ គឺប្រកាន់ថា ខ្លួនជាបណ្ឌិត ទិដ្ឋិនោះ របស់បុគ្គលនោះ បរិបូណ៌ហើយដោយប្រការដូច្នោះ។