បើបុគ្គលនោះ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស រមែងជាបុគ្គលមានដំបូល គឺកិលេសបើកហើយ បានជាព្រះអរហន្តសម្ពុទ្ធដ៏ប្រសើរ។ អ្នកទាំងឡាយ ចូរសួរដោយចិត្ត នូវជាតិផង នូវគោត្រផង នូវលក្ខណៈផង (របស់យើង) នូវមន្តដែលយើងបាននិយាយផង នូវពួកសិស្ស (របស់យើង) ដទៃទៀតផង នូវក្បាលផង នូវការធ្លាក់ចុះនៃក្បាលផង។ បើបុគ្គលនោះ ប្រាកដជាព្រះពុទ្ធ អ្នកឃើញកាលទាំងពួង ដោយអនាវរណញ្ញាណមែន កាលបើប្រស្នាដែលអ្នកទាំងឡាយសួរហើយដោយចិត្ត ព្រះអង្គនឹងដោះស្រាយដោយវាចា។ ឯពួកព្រាហ្មណ៍ជាសិស្សទាំងអស់ ១៦ នាក់ គឺ អជិតមាណព ១ តិស្សមេត្តេយ្យ ១ បុណ្ណកៈ ១ មេត្តគូ ១ ធោតកៈ ១ ឧបសីវៈ ១ នន្ទៈ ១ ហេមកៈ ១ តោទេយ្យ និងកប្បៈជាពីរនាក់ ជតុកណ្ណីបណ្ឌិត ១ ភទ្រាវុធៈ ១ ឧទយៈ ១ បោសាលព្រាហ្មណ៍ ១ មោឃរាជមេធាវី ១ បិង្គិយមហាឥសី ១ ព្រាហ្មណ៍ទាំងអស់នេះ សុទ្ធតែជាមេគណៈផ្សេង ៗ គ្នា ល្បីល្បាញពាសពេញក្នុងលោក