(ព្រះមានព្រះភាគ ទ្រង់ព្យាករថា) និគ្រោធកប្បភិក្ខុ បានកាត់ផ្តាច់នូវតណ្ហាក្នុងនាម និងរូបនេះ ជាខ្សែធម៌ខ្មៅ គឺកិលេសមារដែលដេកត្រាំអស់រាត្រីជាអង្វែង បានឆ្លងផុតការកើត និងការស្លាប់ មិនមានសេសសល់ ព្រះមានព្រះភាគប្រសើរជាងបញ្ចវគ្គិយភិក្ខុ បានត្រាស់ព្យាករដោយប្រការដូច្នេះ។ បពិត្រព្រះអង្គជាឥសីគំរប់ ៧(១) ខ្ញុំព្រះអង្គនោះ បានស្តាប់ព្រះបន្ទូលព្រះអង្គហើយជ្រះថ្លា ព្រោះប្រស្នាដែលខ្ញុំព្រះអង្គក្រាបទូលសួរ មិនឥតអំពើឡើយ ព្រះអង្គជាព្រាហ្មណ៍ មិនបានបញ្ឆោតខ្ញុំព្រះអង្គឡើយ។ សាវ័ករបស់ព្រះពុទ្ធ និយាយយ៉ាងណា ធ្វើយ៉ាងនោះ បានកាត់ផ្តាច់នូវបណ្តាញ គឺតណ្ហាដ៏មាំរបស់មច្ចុមារ ដែលមានមាយាច្រើន ដែលផ្សាយទៅ (ក្នុងតេភូមិកវដ្តៈ) នោះ។ បពិត្រព្រះមានព្រះភាគ និគ្រោធកប្បភិក្ខុ បានឃើញហេតុជាខាងដើមនៃឧបាទាន ឱហ្ន៎ និគ្រោធកប្បភិក្ខុ បានប្រព្រឹត្តកន្លងនូវ (តេភូមិកវដ្តៈ) ជាទីទ្រទ្រង់នៅនៃមច្ចុមារ ដែលគេឆ្លងបានដោយកម្រក្រៃពេក។
ចប់ វង្គីសសូត្រ ទី១២។
(១) យកឥសី ៦ គឺវិបស្សី សិខី វេស្សភូ កកុសន្ធៈ កោនាគមនៈ កស្សបៈ រួមនឹងព្រះអង្គ ត្រូវជា ឥសី ៧ គឺព្រះអង្គជាឥសីទី៧។ អដ្ឋកថា។