ចំណែកឆត្តមាណព បានស្តាប់ធម៌របស់ព្រះអង្គ ជារតនៈដ៏ប្រសើរហើយ ក៏ក្រាបទូលថា ខ្ញុំព្រះអង្គនឹងធ្វើតាម ខ្ញុំព្រះអង្គសូមដល់ព្រះជិនបវរ ព្រមទាំងព្រះធម៌ និងព្រះសង្ឃជាសរណៈ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានក្រាបទូលជាដំបូងថា ខ្ញុំព្រះអង្គមិន (ដឹងនូវសរណគមន៍) ទេ ដល់មកខាងក្រោយ ខ្ញុំព្រះអង្គបានធ្វើឲ្យត្រឹមត្រូវ តាមព្រះពុទ្ធដីការបស់ព្រះអង្គហើយ (ព្រះអង្គបានទូន្មានខ្ញុំព្រះអង្គថា) អ្នកកុំប្រព្រឹត្តនូវការសម្លាប់សត្វ ជាអំពើមិនស្អាត មានប្រការផ្សេងៗ ព្រោះថា ពួកជនប្រកបដោយប្រាជ្ញា មិនបានសរសើរនូវការមិនសង្រួមក្នុងពួកសត្វទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានក្រាបទូលជាដំបូងថា ខ្ញុំព្រះអង្គមិន (ដឹងទេ) ដល់មកខាងក្រោយ ខ្ញុំព្រះអង្គបានធ្វើត្រឹមត្រូវ តាមព្រះពុទ្ធដីការបស់ព្រះអង្គហើយ (ព្រះអង្គបានទូន្មានខ្ញុំព្រះអង្គថា) អ្នកកុំកាន់យកទ្រព្យ ដែលជនដទៃរក្សា កុំគប់រកភរិយារបស់ជនដទៃ ដ្បិតអំពើនេះមិនប្រសើរទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានក្រាបទូលជាដំបូងថា ខ្ញុំព្រះអង្គមិន (ដឹងទេ) ដល់មកខាងក្រោយ ខ្ញុំព្រះអង្គ បានធ្វើឲ្យត្រឹមត្រូវ តាមព្រះពុទ្ធដីការបស់ព្រះអង្គហើយ