ខ្ញុំព្រះអង្គ បានទៅកើតក្នុងទេវលោក ជាអ្នកបាននូវកាមតាមសេចកី្តប្រាថ្នា ដោយសារអំពើសុចរិតនោះ សូមព្រះអង្គទ្រង់ទតនូវផលនៃការសង្រួមក្នុងខណៈមួយរំពេច និងការប្រតិបតិ្តធម៌ដ៏សមគួរចុះ ពួកជនជាច្រើន ដែលមានធម៌ថោកទាប (ជាងខ្ញុំ) កាលបានឃើញខ្ញុំព្រះអង្គ កំពុងតែរុងរឿងដោយយស ក៏រមែងស្រឡាញ់ សូមព្រះអង្គទ្រង់ទត ខ្ញុំព្រះអង្គបានដល់នូវសុគតិផង ដល់នូវសេចកី្តសុខផង ដោយសារធម្មទេសនាតិចទេ ចំណែកពួកជនណា ស្តាប់ធម៌របស់ព្រះអង្គរឿយៗ ពួកជននោះ ទំនងជាបាននូវអមតនិព្វាន ជាទីក្សេមមិនខាន បុញ្ញកម្ម សូម្បីមានប្រមាណតិច ដែលបុគ្គលធ្វើហើយ ក្នុងសាសនធម៌របស់ព្រះតថាគត រមែងមានផលច្រើន ធំទូលាយ