រថនេះដាសពាសដោយគំនូរច្រើនយ៉ាង មានខ្នងកង់ក្រាស់ ទាំងមានរស្មីច្រើនពណ៌ សូរសព្ទនៃខ្នងកង់ទាំងនោះ គេឮពីរោះ ដូចជាតូរ្យតន្ត្រីប្រកបដោយអង្គ ៥ ដែលប្រគំហើយ ក្បាលចន្ទោលរថនេះ ក៏វិចិត្រសម្រេចល្អដោយកែវមណី ដូចមណ្ឌលព្រះចន្ទ ជាចន្ទោលបរិសុទ្ធ រុងរឿង ភ្លឺផ្លេកគ្រប់កាល ប្រដាប់ដោយក្បាច់ក្បូរ ជាវិការៈនៃមាសយ៉ាងលើសលុប រុងរឿងដោយក្បាច់ក្បូរ ជាវិការៈនៃកែវពិទូរ្យយ៉ាងក្រៃពេក ពួកសេះទាំងនេះ សម្រេចដោយរូបព្រះចន្ទ ជាវិការៈនៃកែវមណី ជាសេះមានកំពស់ និងទំហំ (សមរម្យ) មានសន្ទុះលឿនល្អ ឧបមាដូចព្រហ្ម ជាសេះមានអវយវៈប្រសើរថ្លៃថ្លា មានអានុភាពច្រើន មានកំឡាំង មានសន្ទុះខ្លាំង ដឹងចិត្តរបស់អ្នកយ៉ាងជាក់ច្បាស់ ហើយប្រព្រឹត្តទៅដូចចិត្ត មួយទៀត សេះទាំងអស់នេះ ជាសត្វទៅដោយជើងបួន មានដំណើរព្រមគ្នា ស្គាល់ចិត្តអ្នកយ៉ាងជាក់ច្បាស់ ហើយប្រព្រឹត្តទៅដូចចិត្ត ជាសេះទន់ភ្លន់ មិនរឹងត្អឹង តែងអូសរថទៅស្មើគ្នា ញុំាងជនឲ្យរីករាយ ជាសេះខ្ពង់ខ្ពស់ ជាងសេះទាំងឡាយ