បានចាត់ចែងនិមន្តព្រះពុទ្ធអង្គនោះ អ្នកឧត្តមជាងសត្វជើងពីរ ឲ្យគ្រប់គ្រាន់ដោយបាយ ទឹក ចីវរ ខាទនីយភោជនីយាហារ និងទីដេក ទីអង្គុយ ខ្ញុំនោះរីករាយក្នុងទេវបុរី មានអារម្មណ៍ដ៏ប្រសើរល្អ ខ្ញុំបានបូជាគ្រឿងយញ្ញមហាទាន ឈ្មោះនិរគ្គឡៈ (មិនមានបិទបាំងរារាំងស្មូម) ជាទានបរិសុទ្ធ ៣ ប្រការ គឺធ្វើដោយខ្លួនឯង ១ ប្រើគេឲ្យធ្វើ ១ រលឹកឃើញរឿយៗ ដោយឧបាយនេះ ១ លុះលះបង់រាងកាយជារបស់មនុស្ស ជាបុគ្គលស្មើនឹងព្រះឥន្ទ្រក្នុងទេវបុរី បពិត្រព្រះមុនី បុគ្គលអ្នកប្រាថ្នានូវអាយុ វណ្ណៈ សុខៈ ពលៈ ដែលមានសភាពដ៏ថ្លៃថ្នូរ គួរតែតម្កល់បាយទឹកជាច្រើន ដែលខ្លួនបានតាក់តែងយ៉ាងល្អ (ចំពោះព្រះពុទ្ធ) ដោយចិត្តមិនជាប់ចំពាក់ក្នុងលោកនេះកី្ត លោកខាងមុខកី្ត មិនមានបុគ្គលណាមួយប្រសើរជាង ឬស្មើនឹងព្រះពុទ្ធឡើយ ព្រះពុទ្ធទ្រង់ដល់នូវភាពជាអាហុនេយ្យបុគ្គលដ៏ប្រសើរជាងអាហុនេយ្យបុគ្គលទាំងឡាយ របស់ពួកជនអ្នកត្រូវការបុណ្យ ដែលជាអ្នកស្វែងរកផលយ៉ាងធំទូលាយ។
ចប់ មហារថវិមាន ទី១៤។