មិនពោលពាក្យញុះញង់ ដែលជាពាក្យមិនពិត គប្បីពោលវាចាដ៏ពីរោះ ជាវាចាមិនរើរុះ ប្រកបសេចកី្តគោរព សេចកី្តកោតក្រែង មានខ្លួនទូន្មានហើយ មិនមែនជាអ្នកលាមកអាក្រក់ ជាអ្នកបរិសុទ្ធក្នុងអធិសីល មួយទៀត ឧបាសកនោះ ជាបុរសចិញ្ចឹមមាតាបិតាតាមធម៌ ប្រព្រឹត្តស្អាត ឧបាសកនោះ ទំនងជាស្វែងរកភោគៈទាំងឡាយ ព្រោះហេតុតែមាតាបិតាពិត មិនមែនដើម្បីខ្លួនទេ មួយទៀត បុរសណា អំណឹះអំពីមាតាបិតាទៅ ជាអ្នកមានចិត្តទោរទន់ទៅរកព្រះនិព្វាន ទាំងប្រព្រឹត្តនូវសាសនព្រហ្មចរិយៈ ជាអ្នកមានកាយ វាចា ចិត្ត ត្រង់មិនវៀច មិនអួតអាង មិនមានពុតត្បុត មិនគប្បីជួញដោយលេសកប្ប គឺមិនគប្បីបញ្ចេញពាក្យដោយអំណាចកលមាយា នឹងការអួតអាង បុរសប្រាកដដូច្នោះនោះ ឈ្មោះថា អ្នកធ្វើនូវកម្មល្អ ឋិតនៅក្នុងធម៌ ម្តេចនឹងបាននូវទុក្ខ ខ្ញុំធ្វើឲ្យប្រាកដដោយខ្លួនឯង ព្រោះករុណាចំពោះឧបាសកនោះ ម្នាលពាណិជទាំងឡាយ ហេតុនោះ អ្នកទាំងឡាយ ចូររមិលមើលខ្ញុំចុះ ប្រសិនបើអ្នកទាំងឡាយ វៀរចាកឧបាសកនោះ នឹងទៅជាបុគ្គលវិលវល់ ដូចជាមនុស្សខ្វាក់ ភាន់ភាំងនៅក្នុងព្រៃ គប្បីដល់នូវភាពជាផេះ