ចិត្តលតាវគ្គ ទី២
ទាសីវិមាន ទី១
[១៨] (ព្រះមោគ្គល្លានសួរថា) ចុះនាងដែលមានពួកនារីចោមរោម ហែហម ដើរក្រឡឹងជុំវិញក្នុងចិត្តលតាវ័ន ជាទីត្រេកអរ ដូចព្រះឥន្ទ្រជាធំជាងទេវតា ញុំាងទិសទាំងពួង ឲ្យភ្លឺដូចជាផ្កាយព្រឹក តើនាងមានសម្បុរបែបនោះ ដោយហេតុអី្វ ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុអី្វ
ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ។
ទេវធីតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា
ខ្ញុំ កាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាទាសី បំរើអ្នកដទៃ ក្នុងត្រកូលជាឧបាសិកានៃព្រះគោតម មានបញ្ញាចក្ខុ មានយស ឯសេចកី្តព្យាយាម ក្នុងសាសនានៃព្រះពុទ្ធ ប្រកបដោយតាទិគុណនោះ តែងមានដល់ខ្ញុំ