បុរស​គប្បី​នៅក្នុង​ផ្ទះ​នៃ​បុគ្គល​ណា​ ​សូម្បី​អស់​មួយ​រាត្រី​ ​ដែលគេ​ទំនុក​បំរុង​ដោយ​បាយ​ ​និង​ទឹក​ ​មិន​គប្បី​គិត​អំពើអាក្រក់​ដល់​បុគ្គល​នោះ​ ​សូម្បី​ដោយចិត្ត​ឡើយ​ ​បុគ្គល​មានដៃ​មិន​ប្រទូស្ត​ ​តែង​ដុត​កំ​ដៅ​នូវ​បុគ្គល​ដែល​ប្រទូស្ត​មិត្ត​។​
 សត្វ​ណា​បៀតបៀន​ ​នូវ​បុគ្គល​ដែល​ធ្វើ​ឧបការៈ​មុន​ ​ដោយ​អំពើអាក្រក់​ ​ក្នុង​កាល​ជា​ខាងក្រោយ​ ​សត្វ​នោះ​ ​ជា​អ្នកបៀតបៀន​នូវ​បុគ្គល​ជា​អ្នកមាន​បាតដៃ​ទទឹក​(​១​)​ ​រមែង​មិនឃើញ​នូវ​សេចក្តី​ចំរើន​ទេ​។​ ​
 បុគ្គល​ណា​ ​ប្រទូស្ត​ដល់​នរជន​ ​ដែល​មិនបាន​ប្រទូស្ត​ ​ជា​បុគ្គល​ស្អាត​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​បាប​រមែង​ត្រឡប់ទៅ​រក​បុគ្គល​ពាល​នោះ​វិញ​ ​ដូចជា​ធូលី​ដ៏​ល្អិត​ ​ដែល​បុគ្គល​បាច​ទៅកាន់​ទី​ច្រាសខ្យល់​។​ ​ខ្ញុំ​ ​ទោះបី​ទេវតា​ក្តី​ ​មនុស្ស​ក្តី​ ​កំចាត់​កំចាយ​ដោយ​ឥស្សរិយយស​ ​មិនបាន​ឡើយ​ ​ខ្លួនខ្ញុំ​ជា​យក្ស​ ​សម្រេច​នូវ​ឫទ្ធិ​ដ៏​ឧត្តម​ ​ទៅ​ក្នុង​ទី​ឆ្ងាយ​បាន​ ​ប្រកបដោយ​រូបសម្បត្តិ​ ​និង​កំឡាំង​។​
 ​ដៃ​ទាំងអស់​របស់​អ្នក​ ​មាន​សម្បុរ​ដូចជា​មាស​ ​ទ្រទ្រង់នូវ​វត្ថុជា​ទី​ប្រាថ្នា​ ​ដោយ​អង្គុលី​ ​ទាំង​ ​៥​ ​បញ្ចេញ​នូវ​រសផ្អែម​ ​រស​ទាំង​ឡាយ​ផ្សេង​ៗ​ ​រមែង​ហូរចេញ​ ​ខ្ញុំ​សំគាល់​ថា​ជាស​ក្ក​ទេវរាជ​ ​ឈ្មោះ​បុរិន្ទ​ទៈ​។
​(​១​)​ ​មាន​បាតដៃ​ទទឹក​ ​សំដៅយក​អ្នកធ្វើ​ឧបការៈ​។​
ថយ | ទំព័រទី ៤៦ | បន្ទាប់