រឿងកុមារប្រេត ទី៦
[៤១] (ព្រះមានព្រះភាគត្រាស់ថា) តថាគតឮថា ក្រុងឈ្មោះសាវត្ថី នៅក្បែរព្រៃហិមពាន្ត ក្នុងក្រុងនោះ មានកុមារពីរនាក់ ជាព្រះរាជបុត្ររបស់ (ព្រះបាទបសេនទិកោសល)។ ព្រះរាជបុត្រទំាំងពីរអង្គនោះ ជាអ្នកប្រមាទ ជាអ្នកមានសេចក្តីត្រេកអរ ក្នុងកាមគុណទំាងឡាយ ជាទីត្រេកអរ ជាប់ចំពាក់នឹងសេចក្តីសុខជាបច្ចុប្បន្ន ព្រះរាជបុត្រទំាងនោះ មិនបានឃើញសេចក្តីសុខទៅក្នុងអនាគតកាលឡើយ។ ព្រះរាជបុត្រទំាងនោះ ទៅកាន់លោកខាងមុខ ចាកអត្តភាពជាមនុស្ស ព្រះរាជបុត្រទំាំងពីរនោះ មិនប្រាកដរូប ស្រែកប្រកាសតែអំពើអាក្រក់របស់ខ្លួនក្នុងកាលមុន។ កាលទក្ខិណេយ្យបុគ្គលទំាំងឡាយ មានច្រើន កាលទេយ្យធម៌មាន ពួកយើងមិនអាចដើម្បីធ្វើខ្លួនឲ្យមានសួស្តីតិចតួច ជាទីនាំមកនូវសេចក្តីសុខសោះ។ អំពើអាក្រក់អ្វី ជាអំពើអាក្រក់ជាងអំពើរបស់យើងនោះ ពួកយើងច្យុតចាករាជត្រកូល មកកើតក្នុងប្រេតវិស័យ (ក្នុងទីនេះ) ប្រកបដោយសេចក្តីស្រេក និងការឃ្លាន។ ពួកមនុស្សជាម្ចាស់គេក្នុងលោកនេះ ពុំមែនជាម្ចាស់ក្នុងលោកឯណោះទៀតទេ បានខ្ពស់ហើយ ត្រឡប់ទាបវិញ (ព្រោះតណ្ហា) តែងស្លាប់ ដោយសេចក្តីស្រេកឃ្លាន។