​(​ប្រេត​ស្រី​ ​តប​ថា​)​ ​បពិត្រ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​ខ្ញុំ​ជា​ស្រី​ប្រេត​ ​ដល់​នូវ​សេចក្ដីទុក្ខ​ ​ជា​យមលោក​សត្វ​ ​ស្លាប់​អំពី​មនុស្សលោក​នេះ​ហើយ​ ​បាន​ទៅកាន់​បេតលោក​ ​ព្រោះ​ធ្វើអំពើ​អាក្រក់​។​ ​ក្នុង​ពេលព្រឹក​ ​ខ្ញុំ​សម្រាលកូន​ ​៥​ ​នាក់​ ​ក្នុង​ពេលល្ងាច​ ​សម្រាលកូន​ ​៥​ ​នាក់​ទៀត​ ​រួចហើយ​ទំពាស៊ី​កូន​ទាំងអស់​នោះ​ ​ក៏​មិនគ្រាន់​ដល់​ខ្ញុំ​ឡើយ​។​ ​ហ្ឫទ័យ​របស់ខ្ញុំ​ក្ដៅក្រហាយ​ហុយផ្សែង​ ​ព្រោះតែ​សេចក្ដី​ស្រែក​ឃ្លាន​ ​ខ្ញុំ​ផឹកទឹក​ក៏​មិនបាន​ ​លោកម្ចាស់​ចូរ​មើល​ខ្ញុំ​ ​ដែល​ជា​អ្នក​ដល់​នូវ​សេចក្ដីវិនាស​ចុះ​។​
 (​ព្រះ​ថេរៈ​ទាំងឡាយ​ ​សួរ​ថា​)​ ​ចុះ​អំពើអាក្រក់​ដែល​នាង​បាន​ធ្វើ​ហើយដោយ​កាយ​ ​វាចា​ ​ចិត្ត​ ​តើ​ដូចម្ដេច​ ​នាង​ទំពាស៊ី​សាច់​កូន​ ​តើ​ព្រោះ​វិបាក​របស់​កម្ម​ដូចម្ដេច​។​ ​
 (​ប្រេត​ស្រី​ ​តប​ថា​)​ ​ស្រី​រួម​ប្ដី​របស់ខ្ញុំ​ ​ជា​ស្រី​មានគភ៌​ ​ខ្ញុំ​បាន​គិត​នូវ​អំពើអាក្រក់​ដល់​ស្រី​រួម​ប្ដី​នោះ​ ​ខ្ញុំ​នោះ​ ​មានចិត្ត​ប្រទូស្ដ​ ​បាន​ធ្វើ​នូវ​ការ​ញុំាង​គភ៌​ឲ្យ​ធ្លាក់ចុះ​។​ ​គភ៌​របស់​ស្រី​រួម​ប្ដី​នោះ​ ​បានតែ​ត្រឹម​ ​២​ ​ខែ​ ​ឈាម​ក៏​ហូរចេញ​មក​ ​ឯ​មាតា​របស់​ស្រី​រួម​ប្ដី​នោះ​ ​ក៏​ក្រេវក្រោធ​នឹង​ខ្ញុំ​ ​ហើយ​បាន​បបួល​ញាតិ​ទាំង​ឡាយ​ញុំាង​ខ្ញុំ​ឲ្យ​ធ្វើ​សម្បថ​ផង​ ​ឲ្យ​ផ្ដាសា​ខ្លួនឯង​ផង​។​ ​ខ្ញុំ​នោះ​ ​ក៏បាន​ពោល​នូវ​សម្បថ​ដ៏​ឃោរឃៅ​ផង​ ​នូវ​ពាក្យ​មុសាវាទ​ផង​ថា​ ​បើ​ខ្ញុំ​បាន​ធ្វើអំពើ​អាក្រក់​នេះ​មែន​ ​សូមឲ្យ​ខ្ញុំ​ទំពាស៊ី​នូវ​សាច់​នៃ​កូន​។​ ​
ថយ | ទំព័រទី ៧ | បន្ទាប់