អ្នកនោះ ឈ្មោះថា ញ៉ាំងព្រះសាស្តាបែបនេះ ឲ្យត្រេកអរ ហើយឲ្យប្រាសចាកសេចក្តីត្រេកអរវិញ។ ក្នុងកាលនោះ ខ្ញុំលះចោលកូន និងប្រពន្ធផង ទ្រព្យ និងស្រូវផង កោរសក់ និងពុកចង្កា ហើយចូលទៅកាន់ផ្នួស។ ខ្ញុំបរិបូណ៌ដោយសិក្ខា និងសាជីវៈ សង្រួមនូវឥន្រ្ទិយទាំងឡាយ ជាអ្នកមិនចាលចាញ់កិលេស តែងនមស្ការព្រះសម្ពុទ្ធ សម្រាន្តនៅ។ ខណៈនោះ សេចក្តីតាំងចិត្ត ខ្ញុំបានតម្កល់ហើយថា កាលបើខ្ញុំមិនទាន់ដកសរ គឺតណ្ហាបានទេ ខ្ញុំមិនអង្គុយសូម្បីមួយរំពេច។ អ្នកចូរមើលសេចក្តីព្យាយាម និងការប្រឹងប្រែងរបស់ខ្ញុំនោះយ៉ាងនេះ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ ពុទ្ធសាសនា ខ្ញុំបានធើ្វហើយ។ ខ្ញុំដឹងនូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំក៏បានជម្រះហើយ ខ្ញុំជាព្រះអរហន្ត គួរទទួលនូវទក្ខិណាទាន មានចិត្តរួចស្រឡះហើយ មិនមានឧបធិ។ លំដាប់នោះ ក្នុងកាលរាត្រីអស់ទៅ ព្រះអាទិត្យក៏រះឡើង ខ្ញុំបានធើ្វតណ្ហាទាំងអស់ឲ្យរីងស្ងួត ហើយអង្គុយដោយភ្នែន។
មហាបន្ថកត្ថេរ។
ឧទ្ទាន
ព្រះថេរៈ ៣ អង្គ គឺមហាកច្ចាយនត្ថេរ ១ សិរីមិត្តត្ថេរ ១ មហាបន្ថកត្ថេរ ១ បានសំដែងគាថាទាំងឡាយ ២៤ ក្នុងអដ្ឋកនិបាត។
ចប់ អដ្ឋកនិបាត។