(ហ្មដំរីចងក្រៀក) ដំរីនឹងសសរ ដោយខ្សែដ៏មាំយ៉ាងណា យើងនឹងចងអ្នកទុកក្នុងកម្មដ្ឋានារម្មណ៍ ដោយកំឡាំងភាវនាយ៉ាងនោះដែរ (ម្នាលចិត្ត) អ្នកនោះ ដែលយើងគ្រប់គ្រងហើយ ចំរើនល្អហើយ ដោយសតិ នឹងទៅជាអ្នកមានតណ្ហានិស្ស័យជាដើម មិនអាស្រ័យក្នុងភពទាំងពួងឡើយ។ អ្នកបើបានផ្ដាច់ដំណើរទៅកាន់ផ្លូវខុស ដោយប្រាជ្ញា រួចផ្ទញ់ផ្ទាល់ដោយព្យាយាម ឲ្យតម្កល់នៅក្នុងផ្លូវវិបស្សនាវិញ ហើយឃើញនូវសេចក្ដីកើត សេចក្ដីវិនាស និងសេចក្ដីចំរើននោះ នឹងបានជាទាយាទ នៃព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលពាក្យដ៏ប្រសើរ។ ម្នាលចិត្ត អ្នកទង់ទាញយើង ឲ្យលុះអំណាចនៃវិបល្លាស ៤(១) ដូចជាកូនក្មេងអ្នកស្រុក ក្រែងអ្នកបានសេពគប់នឹងព្រះមហាមុនី ប្រកបដោយសេចក្ដីករុណា ជាអ្នកផ្ដាច់នូវចំណង គឺសំយោជនៈហើយឬ។ ម្រឹគមានសេរី ចូលទៅកាន់ភ្នំ ជាទីត្រេកអរ ដេរដាសដោយរបៀបពពក ក្នុងព្រៃដ៏វិចិត្រល្អ យ៉ាងណា អ្នកនឹងត្រេកអរក្នុងភ្នំនោះ ដែលមិនវឹកវរ ក៏យ៉ាងនោះដែរ ម្នាលចិត្ត អ្នកនឹងវិនាសឥតមានសង្ស័យឡើយ។
(១) វិបល្លាស ៤ គឺ សំគាល់ថាទៀង ក្នុងរបស់មិនទៀង ១ សំគាល់ថាល្អ ក្នុងរបស់មិនល្អ ១ សំគាល់ថាសុខ ក្នុងរបស់មិនមែនសុខ ១ សំគាល់ថាខ្លួន ក្នុងសភាពមិនមែនខ្លួន ១។ អដ្ឋកថា។