ឱហ្ន៎ សង្ខារទាំងឡាយ មិនទៀងទេ មានការកើតឡើង និងការវិនាសទៅជាធម្មតា កើតឡើងហើយតែងរលត់វិញ ការរម្ងាប់នូវសង្ខារទាំងនោះ ទើបនាំមកនូវសុខ។ ពួកព្រះយោគីណា ពិចារណាឃើញច្បាស់នូវខន្ធទាំង ៥ ថាជារបស់ដទៃ ទាំងមិនមែនជារបស់ខ្លួន ពួកព្រះយោគីនោះ តែងចាក់ធ្លុះនូវធម៌ដ៏សុខុមបាន ដូចបុគ្គលបាញ់ចុងរោមកន្ទុយដោយព្រួញ។ មួយទៀត ពួកព្រះយោគីណា ពិចារណាឃើញច្បាស់នូវសង្ខារទាំងឡាយ ថាជារបស់ដទៃ ទាំងមិនមែនជារបស់ខ្លួន ពួកព្រះយោគីនោះ ឈ្មោះថា បានចាក់ធ្លុះនូវធម៌ដ៏ល្អិត ដូចបុគ្គលបាញ់ចុងរោមកន្ទុយ ដោយព្រួញ។
(ភិក្ខុអ្នកមានស្មារតី គប្បីវៀរ ដើម្បីលះបង់នូវកាមរាគៈ ដូចជាគេបោះ ឬពួយនឹងលំពែង ទំលុះពីលើមកក្រោម ពុំនោះសោត ដូចជាគេលត់ភ្លើង កំពុងឆេះឰដ៏ក្បាល)។ ភិក្ខុអ្នកមានស្មារតី គប្បីវៀរ ដើម្បីលះបង់នូវភវរាគៈ ដូចជាគេបោះ ឬពួយនឹងលំពែង ទំលុះពីលើមកក្រោម ពុំនោះសោត ដូចជាគេលត់ភ្លើង ដែលកំពុងឆេះឰដ៏ក្បាល។
ខ្ញុំលុះព្រះសាស្ដាចារ្យ ព្រះអង្គមានព្រះកាយអប់រំហើយ ព្រះអង្គទ្រទ្រង់នូវសរីរៈជាទីបំផុត ទ្រង់បានដាស់តឿនហើយ ក៏ញ៉ាំងមិគារមាតុប្រាសាទ ឲ្យកក្រើកបាន ដោយចុងមេជើង។