ម្នាលអ្នកជាគោត្រនៃព្រះគោតម អ្នកចូរលះបង់នូវមានះផង ចូរលះបង់នូវផ្លូវនៃមានះ កុំឲ្យមានសេសសល់ផង (ព្រោះ) បុគ្គលជ្រប់នៅក្នុងផ្លូវនៃមានះហើយ រមែងមានសេចក្ដីក្ដៅក្រហាយ អស់កាលយូរ។ ពួកសត្វដែលត្រូវសេចក្ដីលុបគុណគ្របសង្កត់ ត្រូវមានះបៀតបៀនហើយ រមែងធ្លាក់ទៅក្នុងនរក ពួកជនដែលមានះបៀតបៀនហើយ រមែងទៅកើតក្នុងនរក សោកសៅអស់កាលយូរ។ ភិក្ខុអ្នកឈ្នះកិលេសដោយមគ្គ អ្នកប្រតិបត្តិដោយប្រពៃ រមែងមិនសោកសៅក្នុងកាលណាម្ដងឡើយ ភិក្ខុណាបាននូវកិត្តិយសផង បាននូវសេចក្ដីសុខផង ពួកបណ្ឌិតតែងហៅភិក្ខុនោះ ថាជាអ្នកឃើញធម៌ដោយពិត។ ហេតុនោះ ភិក្ខុអ្នកមិនរឹងរូស មានព្យាយាមក្នុងសាសនានេះ លះបង់នូវនីវរណៈទាំងឡាយ ជាអ្នកបរិសុទ្ធ លះបង់នូវមានះ មិនឲ្យមានសេសសល់ រមែងជាអ្នកធ្វើនូវទីបំផុតនៃវិជ្ជា ជាអ្នកស្ងប់រម្ងាប់កិលេស។