​ថេរគាថា​ ​ទ្វាទស​ក​និបាត​


 [​២៤២​]​ ​បុគ្គល​គប្បី​សិក្សា​នូវ​សីល​ ​ឲ្យ​ជា​សីល​ដែល​ខ្លួន​សិក្សា​ល្អ​ហើយ​ ​ក្នុង​លោក​នេះ​ ​ព្រោះថា​ ​សីល​ដែល​បុគ្គល​សេព​ហើយ​ ​រមែង​បង្អោន​មក​នូវ​សម្បត្តិ​ទាំងពួង​។​ ​ជន​អ្នកមាន​ប្រាជ្ញា​ ​កាល​ចង់បាន​នូវ​សេចក្តី​សុខ​ ​៣​ ​យ៉ាង​ ​គឺ​សេចក្តី​សរសើរ​ ​១​ ​ការបាន​នូវ​សេចក្តី​ត្រេកអរ​មួយ​ ​១​ ​ការ​លះលោក​នេះ​ទៅ​ហើយ​ ​រីករាយ​ក្នុង​ឋានសួគ៌​ ​១​ ​គប្បី​រក្សា​នូវ​សីល​។​ ​ពិត​ណាស់​ ​បុគ្គល​អ្នកមានសីល​ ​រមែង​បាន​នូវ​មិត្ត​ទាំងឡាយ​ច្រើន​ ​ដោយ​ការ​សង្រួម​ ​ចំណែក​បុគ្គល​ទ្រុស្តសីល​ ​កាល​ប្រព្រឹត្ត​អាក្រក់​ ​រមែង​ឃ្លាតចាក​មិត្ត​ទាំងឡាយ​។​ ​ជន​ទ្រុស្តសីល​ ​រមែង​បាន​នូវ​ទោស​ផង​ ​នូវ​ដំ​ណេះ​ដំណៀល​ផង​ ​ឯ​ជន​អ្នកមានសីល​ ​រមែង​បាន​នូវ​គុណ​ផង​ ​នូវ​កិត្តិសព្ទ​ផង​ ​នូវ​សេចក្តី​សរសើរ​ផង​ ​សព្វ​ ​ៗ​ ​កាល​។​ ​សីល​ ​ជា​ខាងដើម​ ​ជាទី​តាំង​ ​ជា​មេ​នៃ​កល្យាណធម៌​ ​និង​ជា​ប្រធាន​នៃ​ធម៌​ទាំងពួង​ ​ព្រោះហេតុនោះ​ ​បុគ្គល​គប្បី​ជម្រះ​សីល​។​ ​សីល​ជា​ច្រាំង​ ​ជា​ទំនប់​ ​ជា​គ្រឿង​ញ៉ាំង​ចិត្ត​ឲ្យ​រីករាយ​ ​ទាំង​ជា​កំពង់​របស់​ព្រះពុទ្ធ​គ្រប់​ព្រះអង្គ​ ​ព្រោះហេតុនោះ​ ​បុគ្គល​គប្បី​ជម្រះ​នូវ​សីល​។​ ​សីល​ជា​កំឡាំង​រក​អ្វី​ប្រៀបផ្ទឹម​មិនបាន​ ​សីល​ជា​អាវុធ​ដ៏​ឧត្តម​ ​សីល​ជា​គ្រឿង​អាភរណៈ​ដ៏​ប្រសើរ​ ​សីល​ជា​គ្រឿង​ក្រោះ​យ៉ាង​អស្ចារ្យ​។​
ថយ | ទំព័រទី ២៨ | បន្ទាប់