​ខ្ញុំ​ក៏​ដាក់​នូវ​អម្រែក​ ​ចូល​ទៅ​ដើម្បី​ថ្វាយបង្គំ​ព្រះសម្ពុទ្ធ​ជា​បុរស​ដ៏​ខ្ពង់ខ្ពស់​ ​ទ្រង់​ឋិតនៅ​ដើម្បី​អនុគ្រោះ​ខ្ញុំ​។​ ​ខ្ញុំ​ថ្វាយបង្គំ​ព្រះបាទ​ទាំងគូ​របស់​ព្រះ​សាស្តា​ ​ហើយ​ឋិតនៅ​ក្នុង​ទីសម​គួរ​ ​គ្រានោះ​ ​ខ្ញុំ​សូម​បព្វជ្ជា​នឹង​ព្រះសម្ពុទ្ធ​ ​ព្រះអង្គ​ឧត្តម​ជាង​សព្វ​សត្វ​ទាំងឡាយ​។​ ​លំដាប់នោះ​ ​ព្រះ​សាស្តា​ ​ព្រះអង្គ​ប្រកបដោយ​សេចក្តី​ករុណា​ ​ទ្រង់​អនុគ្រោះ​ដល់​លោក​ទាំងមូល​ ​ត្រាស់​ហៅ​ខ្ញុំ​ថា​ ​អ្នក​ចូរ​ចូល​មក​ជា​ភិក្ខុ​ចុះ​ ​ដូច្នេះ​ ​ព្រះ​វាចា​នោះ​ ​ជា​ឧបសម្បទា​របស់ខ្ញុំ​។​ ​ព្រះ​ជិនស្រី​ ​ទ្រង់​ទូន្មាន​ខ្ញុំ​យ៉ាងណា​ ​ខ្ញុំ​នោះ​ ​ជា​បុគ្គល​ម្នាក់ឯង​ ​នៅក្នុង​ព្រៃ​ ​មិន​ខ្ជិលច្រអូស​ ​ក៏បាន​ធើ្វ​តាម​ព្រះពុទ្ធដីកា​នៃ​ព្រះ​សាស្តា​យ៉ាងនោះ​។​ ​ខ្ញុំ​រលឹក​ឃើញ​នូវ​បុព្វជាតិ​ ​ក្នុង​បឋមយាម​នៃ​រាត្រី​ ​ជម្រះ​នូវ​ទិព្វចក្ខុ​ ​ក្នុង​មជ្ឈិមយាម​នៃ​រាត្រី​ ​បាន​ទំ​លាយ​នូវ​គំនរ​នៃ​ងងឹត​ ​គឺ​អវិជ្ជា​ ​ក្នុង​បច្ឆិមយាម​នៃ​រាត្រី​។​ ​លំដាប់នោះ​ ​កាលដែល​រាត្រី​អស់​ទៅ​ ​ព្រះអាទិត្យ​ជិត​រះ​ឡើង​ ​ព្រះឥន្ទ្រ​ ​និង​ព្រះព្រហ្ម​ ​មក​ផ្គង​អញ្ជលី​ ​នមស្ការ​ចំពោះ​ខ្ញុំ​ថា​ ​បពិត្រ​លោក​ជា​បុរស​អាជានេយ្យ​ ​ខ្ញុំ​សូម​ថ្វាយបង្គំ​ចំពោះ​លោក​ ​បពិត្រ​លោក​ជា​បុរស​ដ៏​ខ្ពង់ខ្ពស់​ ​ខ្ញុំ​សូម​ថ្វាយបង្គំ​ចំពោះ​លោក​ ​បពិត្រ​លោក​និទ៌ុក្ខ​ ​អាសវៈ​ទាំងឡាយ​របស់​លោក​ណា​អស់ហើយ​ ​លោក​នោះ​ ​ជា​ទក្ខិណេយ្យ​បុគ្គល​។​ ​
ថយ | ទំព័រទី ៣០ | បន្ទាប់