​ថេរគាថា​ ​ចុទ្ទ​សក​និបាត​


 [​២៤៥​]​ ​ខ្ញុំ​ចេញ​ចាក​ផ្ទះ​ចូលកាន់​ផ្នួស​ ​ក្នុង​កាលណា​ ​កាលណោះ​ ​ខ្ញុំ​មិនដែល​នឹក​នូវ​សេចក្តី​ត្រិះរិះ​មិន​ប្រសើរ​ ​ដែល​ប្រកបដោយ​ទោស​ទេ​។​ ​ក្នុង​ចន្លោះ​កាល​ដ៏​វែង​នេះ​ ​ខ្ញុំ​មិនដែល​នឹក​នូវ​សេចក្តី​ត្រិះរិះ​ថា​ ​ពួក​សត្វ​ទាំងនេះ​ ​ចូរ​លំបាក​ចុះ​ ​ចូរ​ស្លាប់​ចុះ​ ​ចូរ​ដល់​នូវ​សេចក្តី​ទុក្ខ​ចុះ​ ​ដូច្នេះ​ទេ​។​ ​ប៉ុន្តែ​ខ្ញុំ​ធ្លាប់​នឹក​នូវ​មេត្តា​រក​ប្រមាណ​មិនបាន​ ​ដែល​បាន​ចំរើន​ល្អ​ហើយ​ ​បាន​សន្សំ​ហើយ​ ​តាមលំដាប់​ ​ដូច​ព្រះពុទ្ធ​ទ្រង់​សំដែង​ហើយ​។​ ​ខ្ញុំ​មាន​សត្វ​ទាំងពួង​ជា​មិត្រ​ ​មាន​សត្វ​ទាំងពួង​ជា​សំឡាញ់​ ​ជា​អ្នក​អនុគ្រោះ​ដល់​សត្វ​ទាំងពួង​ ​បាន​ចំរើន​នូវ​មេត្តាចិត្ត​ ​ត្រេក​អរ​រក្នុង​ការ​មិន​បៀតបៀន​សព្វកាល​។​ ​ខ្ញុំ​ត្រេកអរ​ចំពោះ​ចិត្ត​ដែល​មិន​ងីកងាក​ ​មិន​កម្រើក​ ​ខ្ញុំ​ចំរើន​ព្រហ្មវិហារ​ធម៌​ ​ដែល​ព្រះ​អរិយៈ​ជា​បុរស​មិន​ថោកទាប​ ​គប់​រក​ហើយ​។​ ​សាវ័ក​របស់​ព្រះសម្មាសម្ពុទ្ធ​ ​ដល់​នូវ​ឈាន​ ​មិន​មាន​វិតក្កៈ​ ​រមែង​ជា​អ្នក​ប្រកបដោយ​តុណ្ហីភាព​ដ៏​ប្រសើរ​ ​ក្នុងខណៈនោះ​។​ ​ភ្នំ​ថ្ម​មិន​កំរើក​ ​តាំងនៅ​ស៊ប់​ ​យ៉ាងណាមិញ​ ​ភិក្ខុ​រមែង​មិន​ញាប់ញ័រ​ ​ដូចជា​ភ្នំ​ ​ព្រោះ​អស់​ទៅ​នៃ​មោហៈ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​សប្បុរស​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​អ្នក​ស្វែងរក​នូវ​សេចក្តី​ស្អាត​ជានិច្ច​ ​ទុកជា​មាន​បាប​បន្តិចបន្តួច​ប៉ុន​ចុង​រោម​កន្ទុយ​សត្វ​ ​ក៏​ប្រាកដ​ដូចជា​ប៉ុន​មេឃ​។​
ថយ | ទំព័រទី ៣៥ | បន្ទាប់