ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ ​លុះ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះបាទ​សុទ្ធោទន​សក្យរាជ​ ​ក៏​ទ្រង់​មាន​ព្រះរាជឱង្ការ​យ៉ាងនេះ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​សូមពរ​ម្យ៉ាង​អំពី​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា​ ​បពិត្រ​ព្រះ​គោតម​(​១​)​ ​ព្រះ​តថាគត​ទាំងឡាយ​មាន​ពរ​កន្លង​ហើយ​។​ ​ព្រះបាទ​សុទ្ធោទន​សក្យរាជ​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពរ​ណា​ដែល​គួរ​ ​ពរ​ណា​ដែល​មិន​មានទោស​ ​(​ខ្ញុំ​សូមពរ​នោះ​)​។​ ​ព្រះសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា​ ​បពិត្រ​ព្រះ​គោតម​ ​សូម​ព្រះអង្គ​មាន​ព្រះបន្ទូល​ចំពោះ​ពរ​នោះ​ចុះ​។​ ​ព្រះបាទ​សុទ្ធោទន​សក្យរាជ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលដែល​ព្រះអង្គ​មក​ ​ទ្រង់ព្រះ​ផ្នួស​ហើយ​ ​ខ្ញុំ​ព្រះករុណា​កើតទុក្ខ​មិនមែន​តិច​ទេ​ ​កាលដែល​នន្ទ​និង​រាហុល​មក​បួស​ ​ក៏​ខ្ញុំ​ព្រះករុណា​កើតទុក្ខ​ខ្លាំង​ណាស់​ដូច្នោះ​ដែរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​ស្រឡាញ់​រាហុល​កុមារ​ ​ដូចជា​កូន​ ​លើស​ពន់ប្រមាណ​ ​(​ហាក់ដូចជា​)​ ​កាត់​នូវ​សម្បុរស្បែក​ក្រៅ​ ​លុះ​កាត់​សម្បុរស្បែក​ក្រៅ​ហើយ​ ​ក៏​កាត់​នូវ​ស្បែក​ក្នុង​ ​លុះ​កាត់​ស្បែក​ក្នុង​ហើយ​ ​ក៏​កាត់​នូវ​សាច់​ ​លុះ​កាត់​សាច់​ហើយ​ ​ក៏​កាត់​នូវ​សរសៃ​ ​លុះ​កាត់​សរសៃ​ហើយ​ ​ក៏​កាត់​នូវ​ឆ្អឹង​ ​លុះ​កាត់​ឆ្អឹង​ហើយ​ ​ក៏​ចុច​រហូតដល់​ខួរ​ក្នុង​ឆ្អឹង​ ​
​(​១​)​ ​ទ្រង់​ហៅ​ព្រះពុទ្ធ​បិតា​តាម​នាម​គោត្រ​ ​គឺ​នាមត្រកូល​របស់​ព្រះអង្គ​ដែល​ហៅថា​ ​គោតម​គោត្រ​។​
ថយ | ទំព័រទី ២៧៤ | បន្ទាប់