បាន​។​ ​ទើប​ភិក្ខុ​អ្នកបម្រើ​ជម្ងឺ​ ​របស់​ភិក្ខុ​ឈឺ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បញ្ញត្ត​ហើយ​ថា​ ​ភិក្ខុ​មិន​ត្រូវ​នៅ​ដោយ​គ្មាន​និស្ស័យ​ទេ​ ​ឯ​អាត្មាអញ​មាន​កិច្ច​ដោយ​និស្ស័យ​ ​ភិក្ខុ​នេះ​សោត​ ​ក៏​នៅ​ឈឺ​ ​អញ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​អ្នកបម្រើ​ជម្ងឺ​ ​ដែល​មិនទាន់​បាន​និស្ស័យ​ ​បើ​ភិក្ខុ​ឈឺ​សុំ​ ​(​ឲ្យ​នៅ​កំដរ​ ​ត្រូវ​នៅ​ដោយ​គ្មាន​និស្ស័យ​បាន​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​នៅក្នុង​ព្រៃ​។​ ​ភិក្ខុ​នោះ​បាន​សេចក្តី​សប្បាយ​ក្នុង​សេនាសនៈ​នោះ​ ​ទើប​ភិក្ខុ​នោះ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បញ្ញត្ត​ហើយ​ថា​ ​ភិក្ខុ​មិន​ត្រូវ​នៅ​ដោយ​គ្មាន​និស្ស័យ​ទេ​ ​ឯ​អាត្មាអញ​សោត​ ​មាន​កិច្ច​ដោយ​និស្ស័យ​ ​ឥឡូវ​នៅក្នុង​ព្រៃ​ ​ម្យ៉ាងទៀត​ ​អញ​ក៏បាន​សេចក្តី​សប្បាយ​ក្នុង​សេនាសនៈ​នេះ​ ​អញ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដែល​នៅក្នុង​ព្រៃ​ ​កាលបើ​កំណត់​ដឹង​នូវ​ធម៌​ជា​គ្រឿង​នៅ​សប្បាយ​ ​បើមិនទាន់​បាន​និស្ស័យ​ទេ​ ​ត្រូវ​នៅ​ដោយ​គ្មាន​និស្ស័យ​បាន​ ​ដោយ​គិតថា​ ​ភិក្ខុ​អ្នកឲ្យ​និស្ស័យ​ដ៏​សមគួរ​នឹង​មក​ក្នុង​កាលណា​ ​អញ​នឹង​នៅ​អាស្រ័យ​ ​(​កាន់​យក​និស្ស័យ​)​ ​នឹង​ភិក្ខុ​នោះ​ក្នុង​កាលនោះ​។​
ថយ | ទំព័រទី ៣០៣ | បន្ទាប់