ទាំងអស់គ្នា​រៀន​រាប់​បក្ខ​។​ ​សម័យ​នោះ​ឯង​ ​ពួក​មនុស្ស​សួរ​ភិក្ខុ​ទាំងឡាយ​ដែល​កំពុង​ត្រាច់​ទៅ​បិណ្ឌបាត​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ភិក្ខុ​ទាំងឡាយ​មាន​ប៉ុន្មាន​អង្គ​។​ ​ភិក្ខុ​ទាំងឡាយ​បាន​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​យើង​មិនដឹង​ទេ​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​ជា​កូនចៅ​ព្រះពុទ្ធ​ជាស​ក្យៈ​ទាំងនេះ​ ​ត្រឹមតែ​គ្នីគ្នា​មាន​ប៉ុន្មាន​ ​ក៏​មិនដឹង​(​ទៅ​ហើយ​)​ ​ធ្វើ​ម្តេច​ឡើយ​ ​ពួក​សមណៈ​ទាំងនេះ​នឹង​ដឹងការ​ល្អ​ ​តិចតួច​ដទៃ​បាន​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​រាប់​ពួក​ភិក្ខុ​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​យើង​គួរ​រាប់​ភិក្ខុ​ទាំងឡាយ​ក្នុង​កាលណា​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​រាប់​ត្រឹមតែ​ឈ្មោះ​ ​ឬ​ឲ្យ​កាន់​យក​ស្លាក​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​។​ ​
 [​១៧៨​]​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​មិនដឹង​ថា​ថ្ងៃនេះ​ ​ជា​ថ្ងៃឧបោសថ​ ​ក៏​នាំគ្នា​ដើរទៅ​កាន់​ស្រុក​ឆ្ងាយ​ ​ដើម្បី​បិណ្ឌបាត​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​មកដល់​ក្នុង​ពេល​ដែល​ភិក្ខុ​កំពុង​សំដែង​នូវ​បាតិមោក្ខ​ ​ក៏​មាន​ ​មកដល់​ក្នុង​ពេល​ដែល​ភិក្ខុ​សំដែង​នូវ​បាតិមោក្ខ​ចប់ហើយ​ក៏​មាន​។​
ថយ | ទំព័រទី ៣៨០ | បន្ទាប់