ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ពាក្យ​នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រហស្ថ​ជា​សំឡាញ់​របស់ខ្ញុំ​ព្រះអង្គ​មាន​ប្រមាណ៥០នាក់​ទាំងនេះ​ ​ជា​អ្នក​នៅក្នុង​ជនបទ​ ​ជា​បុត្រ​នៃ​ពួក​ត្រកូល​មាន​បុព្វបុរស​ជាលំដាប់​នៃ​បុព្វបុរស​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ឱវាទ​ប្រៀនប្រដៅ​សំឡាញ់​ទាំងអម្បាល​នេះ​ឲ្យ​ទាន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​អនុបុព្វីកថា​ដល់​បុរស​ទាំងអម្បាល​នោះ​ ​គឺ​ទ្រង់​សំដែង​ទានកថា១​ ​សីលកថា១​ ​សគ្គកថា១​ ​ទោស​របស់​កាម​ទាំងឡាយ​ដ៏​លាមក​សៅហ្មង១​ ​អានិសង្ស​ក្នុង​ការ​ចេញ​ចាក​កាម​ ​(​បួស​)​១​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ជ្រាប​ថា​ ​បុរស​ទាំង៥០នាក់​នោះ​ ​មានចិត្ត​ស្រួល​ ​មានចិត្ត​ទន់​ ​មានចិត្ត​ផុត​ចាក​នីវរណធម៌​ ​មានចិត្ត​អណ្តែត​ឡើង​ ​មានចិត្ត​ជ្រះថ្លា​ ​ក្នុង​កាលណា​ ​ព្រះអង្គ​ក៏​ទ្រង់​ប្រកាស​ធម្មទេសនា​ ​ដែល​ព្រះពុទ្ធ​ទាំងឡាយ​ ​ទ្រង់​លើកឡើង​សំដែង​ ​ដោយ​ព្រះអង្គ​ឯង​ ​គឺ​ទុក្ខសច្ច១​ ​សមុទយសច្ច១​ ​និរោធ​សច្ច១​ ​មគ្គសច្ច១​ ​ក្នុង​កាលនោះ​។​ ​ធម្មតា​ ​សំ​ពត់​សស្អា​ត​ ​មិន​ប្រឡាក់​របស់​ខ្មៅ​ ​គឺ​ធ្យូង​ ​ឬ​ល័ក្ត​ខ្មៅ​ ​គួរ​ទទួល​ទឹកជ្រលក់​បាន​ដោយ​ប្រពៃ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ធម្មចក្ខុ​ ​គឺ​សោតាបត្តិ​មគ្គ​ដ៏​ប្រាសចាក​ធូលី​ ​ប្រាសចាក​មន្ទិល​ ​ក៏​កើតឡើង​ដល់​បុរស​ទាំងនោះ​ ​ក្នុង​ទី​អង្គុយ​នោះ​ឯង​ថា​ ​ធម្មជាតិ​ណាមួយ​ ​ដែល​កើតឡើង​ជា​ធម្មតា​ ​ធម្មជាត​ទាំងអស់​នោះ​ ​តែង​រលត់​ទៅវិញ​ជា​ធម្មតា​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​បុរស
ថយ | ទំព័រទី ៦៤ | បន្ទាប់