ទ្រង់​យាង​ទៅកាន់​ស្ថាន​តាវត្តឹង្ស​ ​ទេវលោក​ ​ហើយ​ទ្រង់​នាំមក​នូវ​ផ្កា​បារិច្ឆត្តក​ព្រឹក្ស​ ​រួច​ទ្រង់​មក​គង់នៅ​ក្នុង​រោង​ភ្លើង​ជាមុន​។​ ​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ ​ក៏បាន​ឃើញ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​ក្នុង​រោង​ភ្លើង​ដោយ​ច្បាស់លាស់​ ​លុះ​ឃើញ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​មហា​សមណៈ​ ​ព្រះអង្គ​ទ្រង់​ពុទ្ធដំណើរ​មក​តាមផ្លូវ​ណា​ ​(​កាលដែល​មក​)​ ​ខ្ញុំ​ចេញ​មក​មុន​ព្រះអង្គ​ ​(​វេលា​មកដល់​ក្នុង​ទីនេះ​)​ ​ត្រឡប់ជា​ព្រះអង្គ​មក​គង់នៅ​ក្នុង​រោង​ភ្លើង​បាន​មុន​ខ្ញុំ​វិញ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​នែ​កស្សប​ ​កាល​តថាគត​បញ្ជូន​អ្នក​មក​ក្នុង​ទីនេះ​ ​ហើយ​តថាគត​ទៅកាន់​ស្ថាន​តាវត្តឹង្ស​ ​នាំមក​នូវ​ផ្កា​បារិច្ឆត្តក​ព្រឹក្ស​ ​រួចមក​អង្គុយ​នៅក្នុង​រោង​ភ្លើង​ ​បាន​មុន​អ្នកឯង​ ​កស្សប​ ​នេះឯង​ផ្កា​បារិច្ឆត្តក​ព្រឹក្ស​ ​មាន​សម្បុរ​ល្អ​ ​មាន​ក្លិនក្រអូប​មែន​។​ ​គ្រានោះ​ ​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ ​ត្រិះរិះ​ដូច្នេះ​ថា​ ​មហា​សមណៈ​(​នេះ​)​ ​មាន​ឫទ្ធិ​ខ្លាំង​ ​មាន​អានុភាព​ធំ​មែន​ ​ព្រោះថា​ ​ព្រះអង្គ​បញ្ជូន​អញ​ឲ្យ​មក​មុន​ព្រះអង្គ​ ​រួច​ព្រះអង្គ​យាង​ទៅកាន់​ឋាន​តាវត្តឹង្ស​ ​នាំ​យក​ផ្កា​បារិច្ឆត្តក​ព្រឹក្ស​ ​ហើយ​មក​គង់នៅ​ក្នុង​រោង​ភ្លើង​នេះ​ ​បាន​មុន​អញ​ ​តែបើ​ទុកជា​យ៉ាងនោះ​សោត​ ​ក៏​គង់នៅ​មិនមែន​ជា​ព្រះអរហន្ត​ដូច​អញ​ទេ​។​
ថយ | ទំព័រទី ៩៤ | បន្ទាប់