កូនតូចទាំងពីរប្រឡាក់ដោយអាចម៍ដី រមែងឈរចាំទទួលអញក្នុងប្រទេសនេះ ក្នុងទីជិតអាស្រម។ កូនតូចទាំងនោះ ធ្លាប់តែស្ទុះមកព័ទ្ធជុំវិញ មានសេចក្តីត្រេកអររីករាយ នាំគ្នាលោតមក ហាក់ដូចជា (ញ៉ាំងហ្ឫទ័យរបស់មាតា) ឲ្យកំរើក ដូចកូនម្រឹគទាំងឡាយ (ឃើញមេ) ហើយដំឡើងស្លឹកត្រចៀក (អើត ក ចូលទៅជិតមេ រីករាយត្រេកអរ ស្ទុះទៅព័ទ្ធជុំវិញ) ថ្ងៃនេះ អញមិនបានឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ។ អញលះបង់កូនទាំងពីរ ហើយចេញទៅ ដូចមេពពែ ឬមេម្រឹគ លះបង់កូន ដូចមេបក្សីចេញអំពី (សម្បុក) ឬដូចមេសីហៈ ប្រាថ្នាសាច់ (លះបង់កូនរបស់ខ្លួន ដើរចេញទៅរកចំណី) ថ្ងៃនេះ អញមិនបានឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ។ នេះស្នាមជើងនៃកូនទាំងពីរនោះ ដូច (ស្នាមជើង) នៃហ្វូងដំរីក្បែរភ្នំ ពំនូកខ្សាច់ដែលកូនទាំងពីរនាំគ្នាពូន ក៏ខ្ចាត់ខ្ចាយក្នុងទីជិតនៃអាស្រម ថ្ងៃនេះ អញមិនបានឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ។ កូនតូចទាំងពីររោយរាយដោយខ្សាច់ ប្រឡាក់ដោយអាចម៍ដី រមែងស្ទុះមកព័ទ្ធជុំវិញ អញមិនបានឃើញទារកទាំងនោះ។ កាលពីដើម កូនទាំងពីរណា ទទួលអញដែលមកអំពីព្រៃឆ្ងាយ ថ្ងៃនេះ អញមិនបានឃើញកូនទាំងពីរនោះ គឺជាលី និងនាងកណ្ហាជិនា។