ខ្ញុំ​ជា​ភរិយា​របស់​ព្រះរាជបុត្រ​ដ៏​មាន​សិរី ដែលគេ​និរទេស ខ្ញុំ​មិន​ហ៊ាន​មើលងាយ​ព្រះរាជ​ស្វាមី​នោះ​ ដូច​នាង​សិតា​ជា​ស្រ្តី​មាន​វ័ត មិន​ហ៊ាន​មើលងាយ​ព្រះរាម។ លោក​ទាំងឡាយ ចូរ​ឃើញ​បុត្រ​ទាំងឡាយ​ចុះ​ ចំណែកខ្ញុំ សូម​ឃើញ​ស្វាមី និង​បុត្រ​ទាំង​ពីរ គឺជា​លី​ និង​កណ្ហាជិនា ក្នុង​ពេលល្ងាច គឺ​កាល​ជាទី​ទទួល​ចំណី។ មើម​ឈើ និង​ផ្លែឈើ​នេះ​សោត​ក៏​ច្រើន​ ចំណី​នេះ មិនមែន​តិច​ទេ ខ្ញុំ​នឹង​បែង​ចំណី​នោះ​ពាក់កណ្តាល​ជូន​លោក​ទាំងឡាយ កាលបើ​ខ្ញុំ​អង្វរ​ហើយ​ សូមឲ្យ​ផ្លូវ​ខ្ញុំ។ ព្រះមាតា​របស់​យើង ជា​ព្រះរាជ​បុត្រី ព្រះបិតា​របស់​យើង ជា​ព្រះរាជបុត្រា​ លោក​ទាំងឡាយ​ចូរ​ជា​បងប្អូន​ដោយ​ធម៌ លោក​ទាំងឡាយ កាលបើ​ខ្ញុំ​អង្វរ​ហើយ សូមឲ្យ​ផ្លូវ​ខ្ញុំ។
 [៣៥២​] (អភិ​សម្ពុទ្ធ​គាថា​) ​ពួក​ម្រឹគ​សាហាវ​បាន​ស្តាប់​វាចា​ពីរោះពិសា​ ជា​វាចា​ប្រកបដោយ​សេចក្តី​ករុណា​ច្រើន របស់​នាង​មទ្រី​នោះ ដែល​កំពុង​លួងលោម​ហើយ ក៏​នាំគ្នា​ថយចេញ​អំពី​ផ្លូវ​បាត់​ទៅ។
 [៣៥៣​] (ព្រះនាងមទ្រី​) កូនតូច​ទាំងពីរ​ប្រឡាក់​ដោយ​អាចម៍ដី​ រមែង​ឈរ​ចាំ​ទទួល​អញ​ក្នុង​ប្រទេស​នេះ ដូចជា​ពួក​កូនគោ​ឈរ​ចាំ​ទទួល​មេ។ កូនតូច​ទាំងពីរ​ប្រឡាក់​ដោយ​អាចម៍ដី​ រមែង​ឈរ​ចាំ​ទទួល​អញ​ក្នុង​ប្រទេស​នេះ ដូចជា​ពួក​ហង្ស ឈរ​នៅ​លើ​ភក់។
ថយ | ទំព័រទី ១៧៨ | បន្ទាប់