​ពួក​របោម មូស ពស់ មាន​តិច​ទេ​ឬ ក្នុង​ព្រៃ​ដ៏​កុះករ​ដោយ​ម្រឹគ​យង់ឃ្នង​ មិន​មានការ​បៀតបៀន​ព្រះអង្គ​ទេ​ឬ។
 [៣២៨​] (ព្រះពោធិសត្វ​…) ម្នាល​ព្រាហ្មណ៍​ យើង​បាន​សេចក្តី​សុខសប្បាយ​ទេ ម្នាល​ព្រាហ្មណ៍ មួយទៀត យើង​មិន​មាន​រោគាពាធ​ទេ​ យើង​ចិញ្ចឹមជីវិត​ដោយ​ការស្វែងរក​ស្រួល​ទេ ទាំង​មើម​ឈើ និង​ផ្លែឈើ ក៏​មាន​ច្រើន​ដែរ។ មួយវិញទៀត​ ​ពួក​របោម មូស ពស់ ក៏​មាន​តិច​ទេ ក្នុង​ព្រៃ​ដ៏​កុះករ​ដោយ​ម្រឹគ​យង់ឃ្នង មិន​មានការ​បៀតបៀន​យើង​ទេ។ យើង​នៅក្នុង​ព្រៃ​អស់ ៧ ខែ​ហើយ រស់នៅ​ទាំង​ទុក្ខសោក ទើបតែនឹង​បានឃើញ​ព្រាហ្មណ៍​ឯង​ជាដំបូង​មាន​ភេទ​ដ៏​ប្រសើរ​ កាន់​ឈើច្រត់​មាន​សម្បុរ​ដូច​ផ្លែ​ភ្នៅ​ទុំ មាន​វែក​សម្រាប់​បូជា​ភ្លើង និង​កុណ្ឌី។ ហៃម​ហា​ព្រាហ្មណ៍ អ្នក​មក​ល្អ​ហើយ មួយទៀត អ្នក​មិនមែន​មក​អាក្រក់​ទេ អ្នក​ចូរ​ចូល​មក​ខាងក្នុង​ សេចក្តី​ចំរើន​ (ចូរ​មាន​) ដល់​អ្នក អ្នក​ចូរ​លាង​ជើង​របស់​អ្នក។ ម្នាល​ព្រាហ្មណ៍ អ្នក​ចូរ​បរិភោគ​ផ្លែឈើ​ដ៏​ឆ្ងាញ់​ពិ​សា​ដូច​ទឹកឃ្មុំ គឺ​ផ្លែ​ទន្លាប់ ផ្លែ​ទ្រយឹង​ ផ្លែ​មាក់ប្រាង ផ្លែ​មាក់ដោក។ ទឹក​ដ៏​ត្រជាក់​នេះ​ឯង ដែល​ដង​មក​អំពី​ជ្រោះ​ភ្នំ​ ម្នាល​មហា​ព្រាហ្មណ៍ បើ​អ្នក​ប្រាថ្នា​ចង់​ផឹក ចូរ​ដង​យក​អំពី​រោង​ទឹក​នោះ ហើយ​ផឹក​ចុះ។ អ្នក​មកដល់​ព្រៃធំ​ដោយហេតុ​ដូចម្តេច ដោយ​បច្ច័យ​ដូចម្តេច យើង​សួរ​ហើយ អ្នក​ចូរ​ប្រាប់​ហេតុ​នោះ។
ថយ | ទំព័រទី ១៦២ | បន្ទាប់