[៣២៩​] (ជូជក​…) ផ្លូវទឹក​ (មាន​ទន្លេ​ និង​ស្ទឹង​ជាដើម​) ដ៏​ពេញ​ប្រៀប​មិន​ចេះ​អស់​ទៅ​សព្វកាល យ៉ាងណាមិញ ទូលព្រះបង្គំជាខ្ញុំ​មក​ដើម្បី​សូមទាន​ព្រះអង្គ​ ទូលព្រះបង្គំជាខ្ញុំ​សូម​ហើយ សូម​ប្រទាន​ព្រះរាជបុត្រ​ទាំងពីរ ក៏​យ៉ាងនោះ​ដែរ។
 [៣៣០​] (ព្រះ​មហាសត្វ​…) ម្នាល​ព្រាហ្មណ៍​ យើង​ឲ្យ យើង​មិន​រួញរា​ទេ អ្នកជា​ម្ចាស់​ (នៃ​ពួក​បុត្រ​របស់​យើង​) ចូរ​នាំ​យក​ទៅចុះ​ រាជបុត្រី​ (ជា​មាតា​នៃ​បុត្រ​ទាំងពីរ​នុ៎ះ​) បាន​ចេញទៅ​រក​ផលានុផល​អំពី​ព្រឹក​ នាង​នឹង​ត្រឡប់​មក​អំពី​ការ​ស្វែងរក ក្នុង​វេលា​ល្ងាច ម្នាល​ព្រាហ្មណ៍ អ្នក​ចូរ​ឈប់សម្រាក​បាន​មួយ​យប់​សិន​ លុះ​ព្រឹក​ឡើង សឹម​ទៅចុះ។ ម្នាល​ព្រាហ្មណ៍ អ្នក​ឈប់សម្រាក​បាន​មួយ​យប់ លុះ​ព្រឹក​ឡើង​ (សឹម​នាំ​យក​) កុមារ​ទាំងពីរ​នោះ​ ដែល​មាតា​នោះ​ដុស​ក្បាល​ហើយ ប្រដាប់ដោយ​ផ្កាកម្រង ហើយ​ទៅចុះ។ ម្នាល​ព្រាហ្មណ៍​ អ្នក​ចូរ​នាំ​យក​ (កុមារ​ទាំងពីរ​នោះ​) ដែល​ពាក់​ដោយ​ផ្កា​ផ្សេង​ ៗ ស្អិតស្អាង​ដោយ​គ្រឿងក្រអូប​ផ្សេង ៗ សម្បូរ​ដោយ​មើម​ឈើ​ និង​ផ្លែឈើ​ផ្សេង ៗ ហើយ​ទៅចុះ។
 [៣៣១​] (ជូជក​…) បពិត្រ​ព្រះអង្គ​ប្រសើរ​ក្នុង​រថ​ ទូលព្រះបង្គំ​មិន​គាប់ចិត្ត​នឹង​ការ​នៅទេ គាប់ចិត្ត​តែ​នឹង​ការ​ទៅ ក្រែង​អន្តរាយ​មានដល់​ទូលព្រះបង្គំ​ ឯទូលព្រះបង្គំ នឹង​ទៅ​ខាន​ពុំ​បាន។
ថយ | ទំព័រទី ១៦៣ | បន្ទាប់